(សេអ៊ូល)៖ នាថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីកាណាដា លោក ចានស្ទីន ទ្រូដូ (Justin Trudeau) បានប្រាប់ក្រុមសមាជិកសភានៅទីក្រុង​សេអ៊ូលថា ប្រទេសរបស់លោកចាំបាច់ត្រូវតែក្លាយជា មិត្តភក្តិជិតស្និទ្ធជាមួយកូរ៉េខាងត្បូង ស្របពេលដែលប្រទេសទាំងពីរ កំពុងតែមាន​គោលដៅព្យាយាមទប់ទល់ ការកើនឡើងឥទ្ធិពលរបស់ចិននៅឥណ្ឌូ-ប៉ាស៉ីហ្វិក ដូចគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣។

កំលុងការថ្លែងសុន្ទរកថាមួយ នៅវិមានរដ្ឋសភាកូរ៉េខាងត្បូង លោក ទ្រូដូ បាននិយាយដូច្នេះថា «ខ្ញុំនៅទីនេះដើម្បីប្រាប់អ្នកទាំងអស់គ្នាថា ត្រឹមតែជាមិត្តធម្មតា គឺវាលែងគ្រប់គ្រាន់ទៀតហើយ... យើងត្រូវតែធ្វើជាមិត្តល្អដែលស្និទ្ធស្នាលនឹងគ្នា»។ លោកនាយករដ្ឋមន្រ្តីកាណាដា បានបន្តប្រាប់ក្រុមសមាជិកសភាកូរ៉េខាងត្បូងថា សាមគ្គីភាពគឺជារឿងចាំបាច់ ខណៈដែលពិភពលោកកំពុងប្រឈមនឹង ភាពមិនច្បាស់លាស់ដែលពុំធ្លាប់ជួបប្រទះពីមុនមក។

លោក ទ្រូដូ កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក នៅប្រទេសកូរ៉េខាងត្បូង ជាទីដែលរូបលោកក៏ត្រូវជួបជាមួយ​ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) ផងដែរ។ ក្នុងចំណោមប្រធានបទ ដែលមេដឹកនាំទាំងពីរនឹងលើកយកមកពិភាក្សា ត្រូវគេរំពឹងថានឹងរួមមានអំពី​មធ្យោបាយដើម្បីធ្វើឱ្យ កិច្ចសហប្រតិបត្តិការកាន់តែស៉ីជម្រៅជុំវិញខ្សែចង្វាក់ផ្គត់ផ្គង់ ជាពិសេសសម្រាប់ធុនធានរ៉ែសំខាន់ៗ ដែលត្រូវបាន​ប្រើប្រាស់នៅក្នុងអាគុយរបស់រថយន្តអគ្គិសនី។ កាណាដាសម្បូរធនធានរ៉ែទាំងនោះ ហើយវាគឺជាវត្ថុធាតុដើមចាំបាច់ ដែលត្រូវការដោយ​ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូង។

គួរបញ្ជាក់ថា ការបំពេញទស្សនកិច្ចរបស់លោក ទ្រូដូ ធ្វើឡើង បន្ទាប់ពីលោក យូន បានទៅបំពេញទស្សនកិច្ចនៅទីក្រុងអូតូវ៉ា កាលពីឆ្នាំមុន។ ចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរសុទ្ធតែបានបញ្ចេញផែនការយុទ្ធសាស្រ្តរៀងៗខ្លួន សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលផ្តល់នូវផែនទីគោលដៅ សម្រាប់ការពង្រឹងទំនាក់ទំនងយោធា ក៏ដូចជាសេដ្ឋកិច្ចនៅក្នុងតំបន់នេះ ដើម្បីទប់ទល់នឹងការកើនឡើងនៃ​ឥទ្ធិពលរបស់ចិន៕