(ណៃពិដោ)៖ ក្រុមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្នុងប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដែលរងគ្រោះដោយសារព្យុះស៊ីក្លូន Mocha បានកើនឡើងដល់ ៨១នាក់ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ខណៈដែលអ្នកភូមិបន្តស្នាក់នៅក្នុងផ្ទះរួមគ្នា និងរង់ចាំការផ្តល់ជំនួយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣។

ព្យុះស៉ីក្លូន Mocha បានបោកបក់កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ជាមួយនិងកម្លាំងខ្យល់រហូតដល់ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង។ យ៉ាងហោចណាស់មនុស្ស ៤៦នាក់បានស្លាប់ នៅក្នុងភូមិប៊ូម៉ា (Bu Ma) និងភូមិឃួង ដូកការ (Khaung Doke Kar) នៃរដ្ឋរ៉ាឃីនជាកន្លែងដែលជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ារស់នៅទីនោះ។ បើតាមសេចក្តីថ្លែងការណ៍ មួយនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតមីយ៉ាន់ម៉ា ប្រទេសចិនបានបង្ហាញឆន្ទៈក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ពីគ្រោះមហន្តរាយដល់ប្រទេសរបស់ខ្លួន។

គួរបញ្ជាក់ថា Mocha គឺជាព្យុះស៊ីក្លូនដ៏មានឥទ្ធិពលបំផុតដែលបានវាយប្រហារលើតំបន់នេះ ក្នុងរយៈពេលជាងមួយទស្សវត្សរ៍ ដោយបានកាត់ផ្តាច់បណ្តាញទំនាក់ទំនងនៅ ទូទាំងរដ្ឋរ៉ាឃីន។ ព្យុះស៊ីក្លូននៅភាគពាយ័ព្យនៃតំបន់ប៉ាស៊ីហ្វិក គឺជាការគំរាមកំហែងជាប្រចាំ និងធ្លាប់សម្លាប់មនុស្សដែលកំពុងរស់នៅតាមបណ្តោយឆ្នេរ នៃមហាសមុទ្រឥណ្ឌាភាគខាងជើង ដែលមានមនុស្សរាប់សិបលាននាក់រស់នៅ៕