(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន នៅថ្ងៃពុធសប្តាហ៍នេះលើផែនការផ្តល់កញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ១៣០លានដុល្លារ មួយថ្ងៃ បន្ទាប់ពីភរិយាលោកប្រធានាធិបតី ហ្សេលេនស្គី បានស្នើសុំជំនួយយោធា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣។

ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានឲ្យដឹងថារដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ឈូ គ្យុងហូ (Choo Kyung-ho) និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ុយក្រែន លោកស្រី យូលីយ៉ា ស្វីរីដិនកូ (Yulia Svyrydenko) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកញ្ចប់ថវិកាដែលជាអំណោយ និងកម្ចីជំនួយ កំលុងពេលសន្និសីទមួយនៅទីក្រុងសេអ៊ូល។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង ដែលជាប្រទេសផលិតគ្រាប់កាំភ្លើងធំដ៏ចម្បងមួយ ធ្លាប់បានអះអាងថានឹងមិនផ្តល់អាវុធដល់អ៊ុយក្រែនទេ ដោយលើកឡើងពីទំនាក់ទំនងរបស់ខ្លួនជា មួយរុស្ស៉ី។ ប៉ុន្តែ ក្នុងបទសម្ភាសន៍ជាមួយ Reuters កាលពីខែមេសា ប្រធានាធិតបីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានគូសបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកប្រហែលជា មិនផ្តល់ត្រឹមតែជំនួយមនុស្សធម៌ ឬផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប្រសិនបើជនស៉ីវិលក្នុងប្រទេសអ៊ុយក្រែនស្ថិតនៅក្រោមការវាយប្រហារទ្រង់ទ្រាយធំ ឬស្ថិតក្នុងលក្ខខណ្ឌ ដែលសហគមន៍អន្តរជាតិមិនអាចអត់ទោសឲ្យបាន៕