(ស៉ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) បាននិយាយនៅថ្ងៃពុធនេះថា កិច្ចប្រជុំកំពូលក្វាដ (Quad) នឹងមិនអាចធ្វើទៅបានទេ នៅក្នុងទីក្រុងស៉ីដនី នាសប្តាហ៍ក្រោយ ប្រសិនបើគ្មានវត្តមានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដែលបានពន្យារពេលទស្សនកិច្ចរបស់លោកទៅកាន់ប្រទេស អូស្ត្រាលី ដោយសារតែជាប់រវល់លើការចរចាលើបំណុលសាធារណៈ ក្នុងទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣។

លោក អាល់បានីស បានប្រាប់សន្និសីទសារព័ត៌មានមួយថា បន្ទាប់ពីលោក បៃដិន បានលុបចោលផែនការធ្វើទស្សនកិច្ចទៅកាន់ទីក្រុងស៉ីដនី ក្នុងជើងទីពីរនៃដំណើរទស្សនៈកិច្ច នៅតំបន់អាស៉ី ក្នុងនោះរួមទាំងទស្សនកិច្ចនៅប្រទេសប៉ាពូ អាស៊ីនូវែលហ្គីណេ មេដឹកនាំនៃប្រទេស Quad ដែលមានអូស្ត្រាលី សហរដ្ឋអាមេរិក ឥណ្ឌា និងជប៉ុនត្រូវជួបប្រជុំគ្នា នៅឯកិច្ចប្រជុំ G7 ក្នុងប្រទេសជប៉ុននាចុងសប្តាហ៍នេះជំនួសវិញ។ យ៉ាងណាមិញ ជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន ដ្រាម៉ូឌី ក្នុងទីក្រុងស៉ីដនី នៅតែអាច ដំណើរការនៅសប្តាហ៍ក្រោយ។ ប៉ុន្តែ លោក អាល់បានី មិនបានធ្វើអត្ថាធិប្បាយថាតើនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអុ គីស៉ីដា នឹងនៅតែធ្វើទស្សនកិច្ចនៅទីក្រុងស៉ីដនី នៅសប្តាហ៍ក្រោយឬយ៉ាងណានោះទេ។

គួរបញ្ជាក់ថា Quad គឺជាក្រុមប្រទេសក្រៅផ្លូវការដែលធ្វើការផ្សព្វផ្សាយដោយបើកចំហ អំពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។ ទីក្រុងប៉េកាំងមើលឃើញថាវាជាការប៉ុនប៉ងមួយ ដើម្បីរុញច្រានប្រឆាំងនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ខ្លួននៅក្នុងតំបន់៕