(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) និងនាយករដ្ឋមន្ត្រីហូឡង់ លោក ម៉ាក រូត (Mark Rutte) បានឯកភាពគ្នាថានឹងបង្កើត ក្រុមចម្រុះអន្តរជាតិមួយ ដើម្បីផ្ដល់យន្ដហោះចម្បាំងដូចជា F-16 សម្រាប់អ៊ុយក្រែន ជាបរិក្ខារយោធាដ៏សំខាន់មួយដែលលោកប្រធានាធិបតី ហ្សេលេនស្គី តែងតែទទូចសុំពី សម្ព័ន្ធមិត្តលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស បានគូសបញ្ជាក់ដូច្នេះថា «លោកនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីហូឡង់ លោក ម៉ាក រូត បានឯកភាពគ្នា ថានឹងធ្វើការរួមគ្នា ដើម្បីបង្កើតក្រុមចម្រុះអន្តរជាតិមួយ សំដៅផ្គត់ផ្គង់ឱ្យអ៊ុយក្រែននូវសមត្ថភាពប្រយុទ្ធតាមផ្លូវអាកាស ក៏ដូចជាផ្ដល់ការគាំទ្រគ្រប់យ៉ាង រាប់ចាប់ពី ការបណ្ដុះបណ្ដាល រហូតដល់ការទទួលបានយន្ដហោះចម្បាំង F-16»។ សេចក្ដីថ្លែងការណ៍ដដែលដែលត្រូវបានចេញផ្សាយ ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុប ក្នុងប្រទេសអ៉ីស្លង់ កាលពីថ្ងៃអង្គារ ទី១៦ ខែឧសភា បានបន្ថែមទៀត លោក ស៊ូណាក់ ក៏បានបញ្ជាក់ឡើងវិញផងដែរពីជំហរគាំទ្រដល់សមាជិកភាពរបស់អ៊ុយក្រែន ក្នុង NATO ខណៈមេដឹកនាំអឺរ៉ុប បានព្រមព្រៀងគ្នាលើសារៈសំខាន់នៃការផ្ដល់ជំនួយសន្តិសុខរយៈពេលវែងសម្រាប់អ៊ុយក្រែន ដើម្បីធានាឱ្យបានថាទីក្រុងកៀវអាចរារាំងកុំឱ្យមានការវាយប្រហារណាមួយទៀត នៅពេលអនាគត។
គួរបញ្ជាក់ថា បណ្ដាប្រទេសជាសមាជិក NATO ភាគច្រើនក្នុងតំបន់អឺរ៉ុប បានបើកចំហចំពោះលទ្ធភាពផ្ដល់យន្ដហោះចម្បាំង F-16 សម្រាប់អ៊ុយក្រែន បើទោះជាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងមិនផ្ដល់យន្ដហោះចម្បាំងដល់ទីក្រុងកៀវក៏ដោយ៕