(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាសង្រ្គាមរបស់អ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពាន ពីសំណាក់រុស្ស៉ី បានផ្ដល់មេរៀនដល់តៃវ៉ាន់ដោយបង្ហាញពីរបៀបដែលប្រទេសតូច អាចការពារខ្លួនដោយជោគជ័យប្រឆាំងនឹងប្រទេសធំមួយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣។

លោក អូស្ទីន ធ្វើការកត់សម្គាល់ខាងលើ ជាការឆ្លើយតបទៅនឹងសំណួររបស់សមាជិកព្រឹទ្ធសភាម្នាក់ ដែលបានសាកសួរពីយុទ្ធសាស្ត្រដើម្បីការពារតៃវ៉ាន់ ក្នុងករណីមាន ការវាយប្រហារណាមួយពីចិន។ ថ្លែងឱកាសនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះបានសង្កត់ធ្ងន់ថា «យើងបានដកស្រង់មេរៀនសំខាន់ៗមួយចំនួនពីសង្រ្គាមរបស់អ៊ុយក្រែន ជាមួយរុស្ស៉ី...ហើយមេរៀនមួយក្នុងចំណោមមេរៀនទាំងនោះ គឺសមត្ថភាព និងយុទ្ធសាស្ត្រនៃសង្រ្គាមរវាងអំណាចយោធាមិនស្មើគ្នា ដែលប្រទេសតូចអាចការពារខ្លួនប្រឆាំង នឹងមហាអំណាចយោធាមួយ»

គួរបញ្ជាក់ថា បើតាមលោក អូស្ទីន ការអនុម័តរបស់សភាអាមេរិកទាំង២ លើការដកអាវុធចេញពីឃ្លាំងស្ដុកអាវុធអាមេរិក ហើយផ្ដល់អាវុធទាំងនេះឱ្យតៃវ៉ាន់ ដូចដែលបានផ្ដល់ ឱ្យអ៊ុយក្រែន គឺជាពិតជាមានសារៈសំខាន់ជាទីបំផុតដល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការផ្ដល់ឱ្យតៃវ៉ាន់នូវអ្វីដែលពួកគេត្រូវការដើម្បីការពារខ្លួនឯង៕