(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះធ្វើអធិការកិច្ចផ្កាយរណបស៊ើបការណ៍យោធាជាលើកដំបូងរបស់ប្រទេស ដោយបានផ្ដល់ភ្លើងបៃតងដែល ប្រព័ន្ធផ្សព្វផ្សាយរដ្ឋហៅថា «ផែនការសកម្មភាពអនាគត»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានជួបជាមួយក្រុមមន្ត្រីនៃគណៈកម្មាធិការដឹកនាំការអភិវឌ្ឍផ្កាយរណបកាលពីថ្ងៃអង្គារ ទី១៦ ខែឧសភា មុននឹងចុះត្រួតពិនិត្យផ្កាយរណប។ លោក គីម បាននិយាយថាជោគជ័យនៃការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធា គឺជាភារកិច្ចបន្ទាន់មួយដើម្បី សន្តិសុខប្រទេសជាតិ។ ប៉ុន្តែ KCNA មិនបានបញ្ជាក់នោះទេពីកាលបរិច្ឆេទនៃការបាញ់បង្ហោះផ្កាយរណបនេះ។

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន កាលពីខែមេសាកន្លងទៅ បានផ្ដល់ភ្លើងបៃតងលើការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធា នៅពេលដែលទីក្រុងព្យុងយ៉ាង ប្រកាសថាការស្ថាបនាផ្កាយរណបនេះបានបញ្ចប់ជាស្ថាពរ។ ការប្រកាសនេះទៀតសោត កើតមានឡើង ក្រោយកូរ៉េខាងជើងបានប្រកាសផងដែរពីជោគជ័យនៃការធ្វើ តេស្ដមីស៊ីលបាលិស្ទីកអន្តរទ្វីបឥន្ធនៈរឹងថ្មីមួយ ដែលត្រូវបានគេមើលឃើញជាការរីកចម្រើនមួយជំហានទៀតនៃកម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង៕