(បាងកក)៖ គណបក្សប្រឆាំងធំៗទាំង២ នៅក្នុងប្រទេសថៃ បានទទួលជ័យជម្នះយ៉ាងអស្ចារ្យ លើគណបក្សរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ បបើតាមលទ្ធផលបោះឆ្នោតចេញផ្សាយដោយគណ:កម្មការរៀបចំការបោះឆ្នោតថៃ គណបក្សចលនាឆ្ពោះទៅមុខ (MFP) ទទួលបាន អាសនៈច្រើនគេនៅឯរដ្ឋសភាដោយឈរនៅលេខរៀងទី១ ជាមួយ១៥១អាសនៈ តាមពីក្រោយដោយបក្សភឿថៃឈរនៅលេខ២ មាន ១៤១អាសនៈ។ រីឯគណបក្ស Palang Pracharath បានត្រឹមតែ៤០អាសនៈ និងគណបក្សថៃរួបរួមជាតិរបស់លោក ប្រាយុទ្ធ បាន ៣៦អាសនៈ តែប៉ុណ្ណោះ ខណៈគណបក្សភូមិចៃថៃ (Bhumjaithai Party) ទទួលបាន៧១អាសនៈ។ លទ្ធផលបោះឆ្នោតនេះ គឺផ្ទុយពីការរំពឹងទុករបស់គណបក្សភឿថៃ ដែលចង់ឈរនៅលេខរៀងទីមួយ។

មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក ភីថា លីមចារឿនរ៉ាត់ (Pita Limjaroenrat) នៅថ្ងៃចន្ទ ទី១៥ ខែឧសភានេះបានទទួលស្គាល់ថា គណបក្សរបស់លោកនឹង បង្កើតរដ្ឋាភិបាលចម្រុះមួយជាមួយគណបក្សភឿថៃ និងគណបក្សប្រឆាំង៣ផ្សេងទៀតរួមមាន គណបក្សថៃសាងថៃ (Thai Sang Thai) ប្រាឆាឆាត (Prachachart) សេរីរួមថៃ (Seri Ruam Thai) ដោយប្រមូលបានអាសនៈ៣០៩ ហើយលោក ភីតថា នឹងធ្វើជានាយករដ្ឋមន្ត្រី។ តែសំឡេងនេះនៅមិនទាន់គ្រប់គ្រាន់នោះទេ ពោលគឺដើម្បីក្លាយជា នាយករដ្ឋមន្ត្រី បេក្ខជនម្នាក់ត្រូវការសំឡេងគាំទ្រ៣៧៦ ពីរដ្ឋសភា និងព្រឹទ្ធសភា ហើយណាមួយរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្ស MFP ត្រូវប្រមូលឱ្យបានសំឡេង ៣៧៦អាសនៈនៅរដ្ឋសភា ដើម្បីធានាបានថាព្រឹទ្ធសភាមិនអាចរារាំងលោក ភីថា កុំឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រី។ ដូច្នេះបញ្ហាស្មុគស្មាញ គឺនៅត្រង់ថាសមាជិកព្រឹទ្ធសភាទាំង២៥០នាក់ សុទ្ធតែត្រូវបានតែងតាំងដោយយោធា ម្លោះហើយពួកគេមុខជាមានទំនោរបោះឆ្នោតគាំទ្រដល់គណបក្ស ឬបេក្ខជននាយករដ្ឋមន្ត្រីគាំទ្រដោយយោធា។

លើសពីនេះទៅទៀតនោះ អ្វីដែលអ្នកតាមដានស្ថានការណ៍នយោបាយថៃ កំពុងព្រួយបារម្ភ នោះគឺគោលនយោបាយដ៏ចម្រូងចម្រាសរបស់គណបក្សចលនាឆ្ពោះទៅមុខ ក្នុងនោះ រួមមានដូចជាការធ្វើកំណែទម្រង់ច្បាប់ពាក់ព័ន្ធនឹងច្បាប់ប្រមាថព្រះចេស្ដា ដែលផ្ដន្ទាទោសអ្នករិះគន់ព្រះមហាក្សត្រឱ្យជាប់ពន្ធនាគាររហូតដល់ទៅ១៥ឆ្នាំ និងដែលអាចក្លាយជាលេស មួយត្រូវបានប្រើដើម្បីរំលាយគណបក្សប្រឆាំងមួយនេះ។ លោក Paul Chambers ជាអ្នកវិភាគនយោបាយ និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Naresuan ក្នុងប្រទេសថៃ យល់ថាគណបក្សគាំទ្រដោយយោធា ឬយោធាថៃនឹងមិនព្រមបោះបង់ចោលអំណាចរបស់ពួកគេ ដោយងាយៗនោះទេ។ ប៉ុន្តែចុះបើមិនព្រម តើនឹងមានអ្វីឡើង?

ប្រទេសថៃ​បានឆ្លងកាត់ការធ្វើរដ្ឋប្រហារដោយយោធាចំនួន ១៤លើក ហើយរដ្ឋប្រហារទាំងអស់សុទ្ធតែទទួលបានជោគជ័យ។ នៅមុនការបោះឆ្នោតថ្ងៃទី១៤ ខែឧសភា មេទ័ពជើងគោកថៃ លោក Narongpan Jittkaewtae បានចេញមុខធានាថានឹងមិនមានរដ្ឋប្រហារកើតឡើង អំឡុងពេលលោកនៅកាន់តំណែងនោះទេ ហើយថាពាក្យរដ្ឋប្រហារនេះ គួរតែលែងមានក្នុងវចនានុក្រម។ ប៉ុន្តែ គ្មាននរណាអាចធានាបានឡើយថានឹងមិនមានរដ្ឋប្រហារ ស្របពេលលោក Narongpan នឹងត្រូវចូលនិវត្តន៍នៅថ្ងៃទី៣០ ខែកញ្ញាខាងមុខ។

មកទល់នឹងឆ្នាំ២០២៣ ប្រជាធិបតេយ្យ នៅក្នុងប្រទេសថៃនៅតែមានលក្ខណៈមិនពេញលេញ ហើយយោធាថៃមានអាវុធទិព្វចំនួន៣ គឺគណៈកម្មការរៀបចំការបោះឆ្នោត ចៅក្រម នៃតុលាការធម្មនុញ្ញ និងសមាជិកទាំង២៥០រូបនៅឯព្រឹទ្ធសភា ដែលមានសិទ្ធិចូលរួមក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រី។ ចំណែកឯ អង្គព្រះមហាក្សត្រវិញមានអំណាចគ្មានដែនកំណត់ ក្នុងប្រទេសថៃ និងរីករាយជាមួយភាពគ្មានទោសពៃ នៅក្រោមច្បាប់ថៃ ព្រមទាំងមានទាក់ទងដោយប្រយោលនឹងការជ្រើសរើសមេដឹកនាំយោធា និងប៉ូលិស។ មួយវិញទៀត ការបង្កើត រដ្ឋាភិបាលណាមួយក៏ត្រូវឆ្លងកាត់ការអនុម័តពីព្រះអង្គដែរ ហើយដោយសារតែអំណាចលើសលប់លើប្រព័ន្ធនយោបាយរបស់ព្រះអង្គ គណបក្សដែលមានភក្ដីភាពជាមួយ របបរាជានិយមថៃ គឺជាជម្រើសដ៏ប្រសើរសម្រាប់ព្រះបរមរាជវាំង និងក្រុមអ្នកដែលស្មោះស្ម័គ្រជាមួយរាជានិយម។

នៅក្នុងអត្ថបទមួយចុះផ្សាយនៅលើគេហទំព័រ East Asia Forum កាលពីថ្ងៃទី១២ ខែឧសភា លោក Paul Chambers បានពន្យល់ថាគណបក្សគាំទ្រដោយយោធា រួមទាំងយោធាថៃ ផ្ទាល់នឹងព្យាយាមរិះរកគ្រប់មធ្យោបាយ រារាំងគណបក្សប្រឆាំងមិនឱ្យបង្កើតរដ្ឋាភិបាលបានឡើយ។ បើតាមលោក Paul Chambers នៅក្នុងចំណោមមធ្យោបាយទំាងនោះ គណៈកម្មការរៀបចំការបោះឆ្នោតអាចនឹងលុបចោលជ័យជម្នះរបស់គណបក្សប្រឆាំង ដូចដែលពួកគេធ្លាប់បានធ្វើក្រោយការបោះឆ្នោតកាលពីឆ្នាំ២០១៩។ កាលពីឆ្នាំ២០១៩ គណបក្សភឿថៃបានបង្កើតក្រុមចម្រុះមួយមានអាសនៈ ២៥៥ ក្នុងចំណោមអាសនៈ ៥០០ នៃរដ្ឋសភាដែលជាសំឡេងភាគច្រើនគ្រប់គ្រាន់។ ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក គណៈកម្មការ រៀបចំការបោះឆ្នោតថៃ សម្រាប់តែធ្វើការកែប្រែលទ្ធផល តាមរយៈការបកស្រាយពីរបៀបគណនាអាសនៈនៃបេក្ខជនរបស់បញ្ជីគណបក្សនយោបាយ ដោយធ្វើឱ្យក្រុមចម្រុះដឹកនាំ ដោយភឿថៃនៅសល់តែ ២៤៥អាសនៈប៉ុណ្ណោះ។ នៅពេលនោះដែរ ការសម្រេចនេះបានបើកផ្លូវឱ្យគណបក្សគាំទ្រដោយយោធា Palang Pracharat បង្កើតរដ្ឋាភិបាលចម្រុះ។

ចំណែក សេណារីយ៉ូមួយទៀត គឺចៅក្រមតុលាការធម្មនុញ្ញ អាចនឹងប្រើលេសណាមួយដើម្បីរំលាយគណបក្សប្រឆាំង ជាពិសេសគឺគណបក្សចលនាឆ្ពោះទៅមុខ ដូចកាលពីឆ្នាំ២០០៧ និងឆ្នាំ២០២០។ ក្នុងករណីតុលាការធម្មនុញ្ញ រំលាយគណបក្សប្រឆាំង នោះថ្នាក់ដឹកនាំប្រតិបត្តិនៃគណបក្សអាចនឹងបាត់បង់អាសនៈជាសមាជិកភា ហើយត្រូវបានហាមឃាត់ពី នយោបាយ ១០ឆ្នាំ ខណៈសមាជិកមិនមែននាយកប្រតិបត្តិអាចនឹងចុះចូលជាមួយគណបក្សផ្សេង ដែលនេះអាចនឹងធ្វើ​ឱ្យប្រែប្រួលដល់លទ្ធផលបោះឆ្នោត។

ការរំលាយគណបក្សប្រឆាំង អាចនឹងបង្កទៅជាបាតុកម្មតវ៉ាទ្រង់ទ្រាយធំ តែព្រមពេលជាមួយគ្នា បាតុកម្មតវ៉ានេះក៏អាចនឹងក្លាយជាលេសមួយសម្រាប់ការធ្វើរដ្ឋប្រហារគាំទ្រ ដោយ ព្រះមហាក្សត្រថៃ។ បើមានរដ្ឋប្រហារមែន លោក Apirat Kongsompong ជាអតីតមេទ័ពថៃ និងបច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់នៃព្រះបរមរាជវាំងអាចនឹងត្រូវបានតែងតាំងជា នាយករដ្ឋមន្ត្រី។

គួរបញ្ជាក់ថា បើតាមលោក Paul Chambers ដើម្បីបញ្ចៀសកុំឱ្យសេណារីយ៉ូឆ្នាំ២០១៩ ឬរដ្ឋប្រហារណាមួយកើតឡើងម្ដងទៀត គណបក្សភឿថៃមានតែធ្វើការសម្រុះសម្រួល ឬក៏រួមដៃ បង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សភូមិចៃថៃ (Bhumjai Thai) ឬគណបក្ស Palang Pracharath របស់លោក ប្រាវីត បើមិនដូច្នោះទេ ថៃអាចនឹងមាននាយករដ្ឋមន្ត្រី ម្នាក់ផ្សេងទៀត មានប្រភពមកពីយោធា។ គោលនយោបាយមួយចំនួន ដូចជាការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះចេស្ដា និងការជំហរតឹងរ៉ឹងក្នុងការកាត់បន្ថយអំណាចយោធាថៃរបស់ គណបក្សចលនាឆ្ពោះទៅមុខ អាចនឹងធ្វើឱ្យគណបក្សមួយនេះងាយរងគ្រោះនឹងការរំលាយចោល ដូចគណបក្សអនាគតឆ្ពោះទៅមុខ (Future Forward)។

លទ្ធផលនៅពេលនេះក៏បានបង្ហាញដែរថាគណបក្ស Palang Pracharath បានថយចុះអាសនៈមកនៅត្រឹម ៤០ ធៀបទៅនឹង កាលពីឆ្នាំ២០១៩ បក្សនេះទទួលបាន ១១៦អាសនៈ ខណៈបក្ស របស់លោកប្រាយុទ្ធបានត្រឹមតែ៣៦អាសនៈប៉ុណ្ណោះ។ នេះមានន័យថាគណបក្សគាំទ្រដោយយោធានឹងមានភាពលំបាកខ្លាំង ជាពិសេសនៅឯរដ្ឋសភា ក្នុងការអនុម័តច្បាប់ណាមួយ ឬអាចងាយនឹងប្រឈមមុខនឹងការបោះឆ្នោតដកសេចក្ដីទុកចិត្តពីបក្សប្រឆាំង។ នៅក្នុងភាសានយោបាយ «គ្មានទេមិត្តអមតៈ ហើយក៏គ្មានដែរសត្រូវអចិន្ត្រៃយ៍»៕