(កៀវ)៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បាននិយាយនៅថ្ងៃអង្គារនេះថា មេដឹកនាំអាហ្វ្រិកចំនួនប្រាំមួយគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី និងអ៊ុយក្រែន «ឱ្យបានឆាប់តាមដែលអាចធ្វើបាន» ដើម្បីជួយស្វែងរកដំណោះស្រាយចំពោះសង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣។
លោក Ramaphosa បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានយល់ព្រមទទួលបេសកកម្ម និងប្រមុខរដ្ឋអាហ្រ្វិក ទាំងនៅទីក្រុងមូស្គូ និងទីក្រុងកៀវ។
លោកបានបន្តថា លោកបានធ្វើការហៅទូរសព្ទដាច់ដោយឡែកជាមួយ លោក ពូទីន និង លោក ហ្សេឡិនស្គី កាលពីចុងសប្តាហ៍ ដោយបង្ហាញពីគំនិតផ្តួចផ្តើមដែលព្រាងដោយប្រទេសសំប៊ី សេណេហ្គាល់ សាធារណរដ្ឋកុងហ្គោ អ៊ូហ្គង់ដា អេហ្ស៊ីប និងអាហ្វ្រិកខាងត្បូង។
លោក Ramaphosa បានបន្ថែមថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងសហភាពអាហ្រ្វិក (AU) បានទទួលព័ត៌មានសង្ខេបអំពីគំនិតផ្តួចផ្តើមនេះ ហើយបានស្វាគមន៍ចំពោះវា។ ទោះយ៉ាងណា លោកមិនបាននផ្តល់ពេលវេលាជាក់លាក់សម្រាប់ដំណើរទស្សនកិច្ចនេះ ឬព័ត៌មានលម្អិតផ្សេងទៀតទេ ដោយគ្រាន់តែនិយាយថាជម្លោះបាននឹងកំពុង «បំផ្លិចបំផ្លាញ» ហើយទ្វីបអាហ្រ្វិកក៏កំពុងរងទុក្ខយ៉ាងខ្លាំងដោយសារវាផងដែរ។
ប្រទេសក្នុងទ្វីបអាហ្រ្វិកបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយការឡើងថ្លៃគ្រាប់ធញ្ញជាតិ និងដោយផលប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក។
គួរបញ្ជាក់ថា ការប្រកាសនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពី លោក Ramaphosa បាននិយាយថា អាហ្រ្វិកខាងត្បូងបានស្ថិតនៅក្រោម «សម្ពាធយ៉ាងខ្លាំង» ក្នុងការជ្រើសរើសភាគីនៅក្នុងជម្លោះ បន្ទាប់ពីសហរដ្ឋអាមេរិកបានចោទប្រកាន់ទីក្រុង Pretoria ថាបានផ្តល់អាវុធដល់ទីក្រុងម៉ូស្គូ ដែលជាទង្វើដែលនឹងធ្វើឱ្យខូចដល់អព្យាក្រឹតភាពដែលប្រកាសខ្លួនឯង៕