(ប៉េកាំង)៖ ដោយទាញមេរៀនពីវិបត្តិអ៊ុយក្រែន ឧត្តមសេនីយកំពូលមួយរូបរបស់ចិន បានជំរុញឲ្យមានការរួមបញ្ចូលកាន់តែច្រើន នៃសមត្ថភាពនិងបច្ចេកវិទ្យាថ្មីៗ ដែលមានទាំងការប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) ជាមួយយុទ្ធសាស្រ្តធ្វើសង្រ្គាមមិនមែននុយក្លេអ៊ែរ មុនការប្រឈមមុខដាក់គ្នា ដែលអាចកើតឡើងជាមួយលោកខាងលិច។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងអត្ថបទទំព័រមុខនៃកាសែតផ្លូវការមួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទសប្តាហ៍នេះ ឧត្តមសេនីយ វ៉ាង ហៃជាំង (Wang Haijiang) មេបញ្ជាការនៃទីបញ្ជាការភូមិភាគខាងលិចរបស់កងទ័ពរំដោះប្រជាជនរំដោះប្រជាជន (PLA) បានគូសបញ្ជាក់ថា «សង្គ្រាមកូនកាត់ប្រភេទថ្មីមួយបានកើតចេញពីជម្លោះអ៊ុយក្រែន ដោយមានការផ្សារភ្ជាប់គ្នានៃសង្គ្រាមផ្នែកនយោបាយ ហិរញ្ញវត្ថុ បច្ចេកវិទ្យា អ៉ីនធឺណេត និងផ្លូវចិត្ត»

លោក វ៉ាង បានបន្ថែមថា​ «នៅពេល​បច្ចុប្បន្ននិង​អនាគត​ ជម្លោះ​និង​ភាពចលាចល​ក្នុង​តំបន់ គឺកើតមានឡើង​ញឹកញាប់ ហើយបញ្ហា​ពិភពលោក​កាន់តែ​តានតឹងខ្លាំងឡើងៗ ខណៈ​ពិភពលោក​បាន​ឈាន​ចូល​ដល់​ដំណាក់កាល​ចលាចល និង​ការផ្លាស់ប្តូរ​ថ្មី​។ ដូចច្នេះព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់ផ្សេងៗអាចកើតឡើងគ្រប់ពេលវេលា ជាពិសេសជាមួយនិងការទប់ស្កាត់ ការឡោមព័ទ្ធ ការបំបែកបាក់ ការបង្ក្រាប និងការគំរាមកំហែងផ្នែកយោធារបស់ប្រទេសលោកខាងលិចមួយចំនួន។ ដើម្បីអាចមានសមត្ថភាពយកឈ្នះ លើបញ្ហាទាំងអស់នេះបាន គឺត្រូវពង្រឹងសមត្ថភាពការពារជាតិ»

គួរបញ្ជាក់ថា ក្រោមហេតុផលសន្តិសុខជាតិ និងដើម្បីទប់ទល់ចំពោះការគំរាមកំហែងពីលោកខាងលិច កិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការត្រៀមសម្រាប់បញ្ហាប្រឈមផ្នែកសន្តិសុខមិនបានថមថយនោះទេ បើទោះបីជាសេដ្ឋកិច្ចមានភាពថមថយ ព្រមទាំងវិបត្តិកូវីដ១៩ ក៏ដោយ។ ការចំណាយលើវិស័យការពារជាតិចិន ត្រូវបានកំណត់ថានឹងកើនឡើងសម្រាប់រយៈពេល ៨ឆ្នាំជាប់គ្នាក្នុងឆ្នាំ២០២៣។ យ៉ាងណាក្តី ទោះបីជាទឹកប្រាក់រាប់រយពាន់លានដុល្លារ បានចាក់ចូលទៅក្នុងការចំណាយលើវិស័យការពារជាតិក៏ដោយ ចំណុចខ្សោយមួយធំមួយរបស់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសចិន គឺមិនមានបទពិសោធន៍ថ្មីៗច្រើន នៅក្នុងការធ្វើសង្គ្រាមជាក់ស្តែងនោះទេ៕