(ប៉េកាំង)៖ ថ្ងៃទី ១៦ ខែឧសភា ទស្សនាវដ្ដី «Qiushi» បានចុះផ្សាយអត្ថបទសំខាន់មួយរបស់លោកអគ្គលេខាធិការបក្សកុម្មុយនីស្តចិន Xi Jinping ក្រោមចំណងជើងថា "សុន្ទរកថាថ្លែងនៅក្នុងកិច្ចប្រជុំសិក្សាលើកទី ៤ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី ២០" ។

អត្ថបទនេះសង្កត់ធ្ងន់ថា គោលបំណងនៃការបើកធ្វើកិច្ចប្រជុំសិក្សា គឺដើម្បីដើរតួនាទីជាគំរូក្នុងការជំរុញបក្សទាំងមូល ឱ្យសិក្សានិងអនុវត្តដោយស៊ីជម្រៅនូវគំនិតសង្គមនិយម ដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី តាមរយៈការអប់រំអំពីប្រធានបទ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃមនោគមវិជ្ជានិងទ្រឹស្តីឱ្យបានរឹងមាំ។ ទ្រឹស្តីមានភាពរឹងមាំទើបមានទិសដៅច្បាស់លាស់ ដួងចិត្តប្រជាជនរួបរួមគ្នានិងមានជំនឿចិត្តខ្លាំង។ ប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិ និងក្នុងស្រុកដ៏ស្មុគស្មាញ ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រ ដែលកំណត់ដោយសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ចាំបាច់ត្រូវសិក្សានិងស្រាវជ្រាវបន្ថែម និងអនុវត្តគំនិតសង្គមនិយម ប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី។

ខ្លឹមសារនៃគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី គ្របដណ្តប់លើកំណែទម្រង់ ការអភិវឌ្ឍ ស្ថិរភាព កិច្ចការផ្ទៃក្នុង កិច្ចការបរទេស កិច្ចការពារជាតិ និងអភិបាលកិច្ចរបស់បក្ស រដ្ឋ និងយោធា។ល។ យើងត្រូវចេះប្រើប្រាស់គំនិតនេះ ដើម្បីជំរុញវឌ្ឍនភាពថ្មីក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន និងជំរុញបន្ថែមទៀតនូវអភិបាលកិច្ចបក្សដោយគ្រប់ជ្រុងជ្រោយនិងតឹងរ៉ឹង៕

វិទ្យុមិត្តភាពកម្ពុជាចិន