(កៀវ)៖ នៅថ្ងៃអង្គារនេះ អ៊ុយក្រែនបានអះអាងថា ខ្លួនបានបាញ់ទម្លាក់មីស៉ីលល្បឿនលឿនជាងសំឡេង ចំនួន៦គ្រាប់ទៀត កំលុងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣។
រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក អូឡិចស៉ី រេសនីកូវ (Oleksiy Reznikov) បាននិយាយយ៉ាងដូច្នេះថា «ជោគជ័យមិនគួរឱ្យជឿមួយទៀតហើយ សម្រាប់កងទ័ពអាកាសអ៊ុយក្រែន! កាលពីយប់មិញ កងកម្លាំងការពារដែនអាកាសរបស់យើង បានបាញ់ទម្លាក់មីស៉ីលល្បឿនលឿនជាងសំឡេង Kinzhal របស់រុស្ស៉ីចំនួន៦គ្រាប់ និងមីស៉ីលដទៃទៀតចំនួន១២គ្រាប់»។ កាលពីមួយសប្តាហ៍មុន អ៊ុយក្រែនបានអះអាងថា ខ្លួនបាញ់ស្កាត់មីស៉ីល Kinzhal បានជាលើកដំបូង ដោយប្រើប្រាស់ប្រព័ន្ធការពារដែនអាកាស ប៉ាទ្រីយ៉ូត (Patriot) ដែលបានមកពីសហរដ្ឋអាមេរិក។
នៅថ្ងៃអង្គារនេះ អ៊ុយក្រែនបានអះអាងថា ខ្លួនបានបាញ់កម្ទេចមីស៉ីលទាំង១៨គ្រាប់ និងដ្រូនទាំង៩គ្រឿង ដែលរុស្ស៉ីបានបាញ់បញ្ជូនមកកាលពីវេលាយប់រំលងអធ្រាត្រ។ អ៊ុយក្រែនពុំបានបញ្ជាក់ទេថា ខ្លួនបានប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសប្រភេទណា ក្នុងការបាញ់ស្កាត់ មីស៉ីល Kinzhal ៦គ្រាប់ខាងលើ។ ទីក្រុងកៀវបានស្នើសុំឱ្យ សម្ព័ន្ធមិត្តលោកខាងលិច ជួយពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ខ្លួន ស្របពេលដែលរុស្ស៉ីបានចាប់ផ្តើមបើកការវាយប្រហារតាមផ្លូវអាកាស កាលពីកំលុងរដូវរងាកន្លងទៅ។
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន បានបង្ហាញចេញមីស៉ីល Kinzhal ជាលើកដំបូងកាលពីឆ្នាំ២០១៨ ហើយបានពិពណ៌នាវាថា ជាអាវុធគ្មានគូប្រៀបមួយ ដែលពិបាកក្នុងការបាញ់ស្ទាក់ជាទីបំផុត ដោយប្រព័ន្ធការពារដែនអាកាសនានារបស់ពិភពលោក នាពេលបច្ចុប្បន្ន។ Kinzhal គឺជាមីស៉ីលបាលិស្ទីគដែលបាញ់ចេញពីយន្តហោះ ហើយអាចធ្វើដំណើរក្នុងល្បឿនរហូតដល់ Mach 10 ដែលលឿនជាងល្បឿនសំឡេង១០ដង ឬស្មើនឹង១២,៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង និងមានសមត្ថភាពផ្ទុកក្បាលគ្រាប់ធម្មតាក៏បាន ឬក្បាលគ្រាប់នុយក្លេអ៊ែរក៏បាន។ មីស៉ីលនេះត្រូវគេរាយការណ៍ថា អាចបាញ់បានចម្ងាយចន្លោះ១,៥០០-២,០០០គីឡូម៉ែត្រ៕