(វ៉ាស៉ីនតោន)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ខ្មាន់កាំភ្លើងអាយុ១៨ឆ្នាំម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារ នៅសហគមន៍មួយក្នុងរដ្ឋញូម៉ិកស៉ិក (New Mexico) ដោយហាក់គ្មានគោលដៅច្បាស់លាស់ឡើយ ពោលគឺជនសង្ស័យបានបាញ់ទៅលើ អ្នកដើរតាមផ្លូវ លំនៅឋាន និងយានជំនិះជាដើម ហើយជាលទ្ធផលបានបណ្តាលឱ្យ មនុស្ស៣នាក់បាត់បង់ជីវិត និង៦នាក់ទៀតរបួស មុនពេលត្រូវបានប៉ូលិសបាញ់សម្លាប់ នៅក្រៅព្រះវិហារមួយកន្លែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣។
ហេតុការណ៍បាញ់ប្រហារខាងលើ បានកើតឡើងក្នុងទីក្រុងហ្វាមីងតុន (Farmington)។ ប្រជាជនស៉ីវិល៣នាក់បានស្លាប់ ខណៈស្ថិតក្នុងចំណោមអ្នករងរបួស ក៏មានមន្រ្តីប៉ូលិស ២នាក់ផងដែរ ដែលបានរងរបួសកំលុងការបាញ់តទល់ជាមួយជនសង្ស័យ មុនពេលខ្មាន់កាំភ្លើងរូបនោះ ត្រូវបានបាញ់សម្លាប់។ ស្នងការប៉ូលិសក្រុងហ្វាមីងតុន លោក ស្ទីវ ហេប (Steve Hebbe) បាននិយាយថា ភ្លាមៗនេះសកម្មភាពបាញ់ប្រហារនោះ ហាក់ត្រូវបានធ្វើឡើងដោយពុំមានចេតនាជាក់លាក់ឡើយ។ បើតាមលោក Hebbe ជនសង្ស័យបានប្រើអាវុធយ៉ាងហោច៣ដើម ក្នុងការធ្វើសកម្មភាពរបស់ខ្លួន ក្នុងនោះរួមមានទាំងកាំភ្លើងវែង AR-15 ហើយផ្ទះយ៉ាងហោច៦ខ្នង និងរថយន្ត៣គ្រឿង ត្រូវបានគ្រាប់កាំភ្លើងបាញ់ចំ។
គួរបញ្ជាក់ថា យោងតាមអង្គការ Gun Violence Archive មកទល់ពេលនេះ មានករណីបាញ់ប្រហារបង្កឱ្យមានមនុស្សស្លាប់ឬរបួស ចាប់ពី៤នាក់ឡើងទៅ នៅក្នុងសហរដ្ឋអាមេរិកនាឆ្នាំ២០២៣នេះ យ៉ាងហោច២២៥ករណីហើយ៕