(ណៃពិដោ)៖ មកទល់ថ្ងៃអង្គារនេះ ចំនួនមនុស្សស្លាប់បានកើនដល់យ៉ាងហោច៤១នាក់ បន្ទាប់ពីព្យុះស៉ីក្លូនដ៏ខ្លាំងមួយបានបោកបក់លើ រដ្ឋរ៉ាឃីន (Rakhine) នៃប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣។

ព្យុះស៉ីក្លូនឈ្មោះ Mocha បានធ្វើដំណើរទៅដល់ក្បែរទីក្រុងស៉ីតវេ (Sittwe) ដែលជារដ្ឋធានីរបស់រដ្ឋ Rakhine កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ជាមួយកម្លាំងខ្យល់បក់រហូតដល់ខ្ទង់ ២០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ប្រធានភូមិ Bu Ma បានប្រាប់ឱ្យដឹងថា មានមនុស្សបាត់បង់ជីវិត ចំនួន១៧នាក់នៅទីនោះ។ តួលេខនេះគឺបន្ថែមលើចំនួនមនុស្សស្លាប់២៤នាក់ នៅភូមិមួយកន្លែងទៀតគឺភូមិ Khaung Doke Kar។ ក្រៅពីនេះផ្ទះសម្បែងរាប់រយខ្នង ក៏បានរងការខូចខាតផងដែរ។

គួរបញ្ជាក់ថា ព្យុះស៉ីក្លូនខាងលើគឺជាព្យុះដ៏អាក្រក់បំផុតមួយ គិតចាប់តាំងតែពីព្យុះស៉ីក្លូនឈ្មោះ ណាហ្គីស (Nargis) ដែលបានបោកបក់លើ​តំបន់ភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា ហើយបានសម្លាប់ជីវិតមនុស្សជិត១៤០,០០០នាក់ កាលពីឆ្នាំ២០០៨៕