(មូស្គូ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ រុស្ស៉ីបានឱ្យដឹងថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំង Su-27 ទៅកាន់តំបន់សមុទ្របាល់ទិច ដើម្បីស្ទាក់​យន្តហោះ២គ្រឿង ដោយមួយគ្រឿងជារបស់អាល្លឺម៉ង់ និងមួយគ្រឿងទៀតជារបស់បារាំង ដែលទីក្រុងមូស្គូអះអាងថា បានព្យាយាមបំពាន​ចូលដែនអាកាសរបស់ប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣។

ក្រសួងការពារជាតិរុស្ស៉ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការហោះស្ទាក់ខាងលើត្រូវបានធ្វើឡើង ដោយស្របតាមក្បួនច្បាប់អន្តរជាតិ ស្តីពីការប្រើប្រាស់ដែនអាកាសនៅលើដែនទឹកអន្តរជាតិ ហើយយន្តហោះចម្បាំងរបស់ខ្លួនពុំបានធ្វើសកម្មភាព ដែលអាចបង្កគ្រោះថ្នាក់ដល់យន្តហោះបរទេសទាំង២ឡើយ។ យន្តហោះរបស់អាល្លឺម៉ង់ មានប្រភេទជា យន្តហោះល្បាត P-3C Orion ខណៈយន្តហោះរបស់បារាំង គឺប្រភេទយន្តហោះល្បាតប្រឆាំងនាវាមុជទឹក Atlantique 2។

គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅ រុស្ស៉ីបានបញ្ជូនយន្តហោះចម្បាំង១គ្រឿង ឱ្យទៅអមដំណើរយន្តហោះរបស់កងទ័ពជើងទឹកអាល្លឺម៉ង់១គ្រឿង នៅលើសមុទ្របាល់ទិច ហើយកាលពីខែមីនា យន្តហោះដ្រូនអាមេរិក១គ្រឿងបានធ្លាក់ ក្នុងឧប្បត្តិហេតុប៉ះទង្គិចគ្នាជាមួយយន្តហោះចម្បាំង​របស់រុស្ស៉ីនៅលើសមុទ្រខ្មៅ៕