(រ៉ៃក្យាវិក)៖ មេដឹកនាំអឺរ៉ុប នឹងធ្វើដំណើរទៅកាន់ប្រទេសអ៉ីស្លង់ នៅថ្ងៃអង្គារនេះសម្រាប់កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ ដែលមានបំណងបង្ហាញពីការគាំទ្រ របស់ពួកគេចំពោះអ៊ុយក្រែន ហើយក៏ជាការផ្ញើសារដ៏មានឥទ្ធិពលមួយស្តីពីគុណតម្លៃនៃប្រជាធិបតេយ្យ ដែលត្រូវបានគេមើលឃើញថាកំពុងស្ថិតក្រោម ការគំរាមកំហែងទាំងនៅក្នុង និងក្រៅតំបន់អឺរ៉ុប។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤ នៃក្រុមប្រឹក្សាអឺរ៉ុប (CoE) ចាប់តាំងពីការបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី២ សមាជិកទាំង ៤៦នៃស្ថាប័ន សិទ្ធិមនុស្សមកពីសហភាពអឺរ៉ុបនឹងជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីការគំរាមកំហែងដែលកំពុងកើតមានដូចជាសង្រ្គាមនៅអ៊ុយក្រែន។

លោក ហ្រ្វាំង ស្វាបឺ (Frank Schwabe) សមាជិកសភាអាល្លឺម៉ង់ដែលបានចូលរួមក្នុងការធ្វើផែនការនៃកិច្ចប្រជុំកំពូលនេះ បានគូសបញ្ជាក់ថា «កិច្ចប្រជុំ កំពូលនេះក៏នឹងនិយាយអំពីអ្វីដែលប្រុងកើតឡើង ប្រសិនបើគ្មានការគោរពច្បាប់។ គ្រាន់តែការគំរាមកំហែងនៃការបណ្តេញចេញ គឺជាដាវដ៏មុតស្រួច រួចទៅហើយ។ សូម្បី​តែ​រុស្ស៉ី ឬតួកគី​ក៏​មិន​ចង់​ចាក​ចេញ​ពី​ក្រុមប្រឹក្សា​អឺរ៉ុប​ដែរ»

គួរបញ្ជាក់ថា គុណតម្លៃប្រជាធិបតេយ្យរបស់ក្រុមប្រឹក្សាអឺរ៉ុប ត្រូវបានតម្កល់ដោយតុលាការសិទ្ធិមនុស្សអឺរ៉ុប ដែលមានមូលដ្ឋាននៅទីក្រុងស្រ្តាស់បឺគ (Strasbourg) ដែលពលរដ្ឋអាចប្ដឹងរដ្ឋាភិបាលឡើងតុលាការបាន ក្នុងករណីមានការរំលោភសិទ្ធិមនុស្ស៕