(ចូហាន់ណេសបឺគ)៖ កងកម្លាំងការពារជាតិអាហ្រ្វិកខាងត្បូង (SANDF) បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា មេទ័ពរបស់ខ្លួន គឺលោក ឡរេន អិមបាថា (Lawrence Mbatha) កំពុងស្ថិតនៅក្នុងទីក្រុងមូស្គូ នៃប្រទេសរុស្ស៉ីសម្រាប់កិច្ចប្រជុំទ្វេភាគី ជាកន្លែងដែលលោកត្រូវធ្វើទស្សនកិច្ចនៅសាលាយោធារុស្ស៊ី ក៏ដូចជាជួបពិភាក្សាជាមួយក្រុមមន្ត្រីនៅទីនោះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣។

អាហ្រ្វិកខាងត្បូង ដែលបានបដិសេធការបោះឆ្នោតលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិស្តីពីសង្គ្រាមរបស់រុស្ស៉ីនៅអ៊ុយក្រែន បានអះអាថាគោលជំហរ មិនចូលបក្សសម្ព័ន្ធរបស់ខ្លួន គឺមិនផ្អៀងទៅរករុស្ស៉ីនោះទេ។ យ៉ាងនេះក្តី បណ្តាប្រទេសលោកខាងលិចចាត់ទុកអាហ្រ្វិកខាងត្បូងជាសម្ព័ន្ធមិត្ត ដ៏ជិតស្និទ្ធបំផុត របស់ទីក្រុងមូស្គូ នៅក្នុងតំបន់។

សេចក្តីថ្លែងការណ៍របស់ SANDF បានឲ្យដឹងថា វាពិតជាមានការកត់សម្គាល់ថា អាហ្រ្វិកខាងត្បូងមានទំនាក់ទំនងទ្វេភាគីរវាងយោធា និងយោធា ជាមួយប្រទេសផ្សេងៗក្នុងតំបន់ និងលើសពីនេះ។ កិច្ចប្រជុំនៅរុស្ស៉ីត្រូវបានគ្រោងទុកជាមុន។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានចោទប្រកាន់អាហ្រ្វិកខាងត្បូងពីការបញ្ជូនអាវុធទៅរុស្ស៉ី ប៉ុន្តែក្រុមរដ្ឋមន្ត្រីរួមទាំងអ្នកទទួលខុសត្រូវលើការគ្រប់គ្រងអាវុធ បានអះអាងថាគ្មានការយល់ព្រមលើការបញ្ជូនអាវុធណាមួយទៅប្រទេសរុស្ស៊ីទេកាលពីខែធ្នូ នោះទេ៕