(បាងកក)៖ អនុប្រធានគណបក្សថៃរួបរួមជាតិ លោក ថាណាខន វ៉ាងប៊ូនកងឆាណា (Thanakorn Wangboonkongchana) បាននិយាយថា នាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា អាចនឹងដើរចេញពីឆាកនយោបាយ បន្ទាប់ពីគណបក្សរបស់លោកទទួលបរាជ័យក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣។

លោក ថាណាខន ធ្វើការកត់សម្គាល់ខាងលើ ប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ។ លោកបានគូសបញ្ជាក់ថា «គាត់ (លោក ប្រាយុទ្ធ) មិនបាននិយាយអ្វីទេ ប៉ុន្តែខ្ញុំគិតថាលោកប្រហែលជានឹងបញ្ឈប់ (អាជីពនយោបាយ)។ ខ្ញុំសង្ឃឹមថាយ៉ាងហោចណាស់ លោកឧត្តមសេនីយ៍ប្រាយុទ្ធ នឹងបន្តស្ថិតនៅក្នុងបេះដូងប្រជាជនថៃ យូរអង្វែង»

គួរបញ្ជាក់ថា លោក ប្រាយុទ្ធ គឺជាបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សថៃរួបរួមជាតិ ហើយបើតាមលទ្ធផលបោះឆ្នោតគណបក្សរបស់លោកទទួលបានត្រឹមតែ៣៦ អាសនៈប៉ុណ្ណោះ ខណៈគណបក្សប្រឆាំង Move Forward ទទួលបាន១៥២អាសនៈ រីឯ Pheu Thai ទទួលបាន ១៤១អាសនៈ៕