(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចេញផ្សាយជាសាធារណៈនូវទិន្នន័យស្ដីពីឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ក្នុងគោលបំណងដាក់ សម្ពាធឱ្យរុស្ស៉ីធ្វើដូចគ្នានេះដែរ បន្ទាប់ពីទីក្រុងមូស្គូសម្រេចចិត្តផ្អាកការចូលរួមក្នុងសន្ធិសញ្ញា New START ដែលជាសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ចុងក្រោយគេបង្អស់រវាងមហាអំណាចទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣។

ការសម្រេចចិត្តចេញផ្សាយទិន្នន័យឃ្លាំងអាវុធនុយក្លេអ៊ែរ វាគឺជាការប្ដូរចិត្តរបស់សហរដ្ឋអាមេរិកខ្លួនឯង ដែលធ្លាប់បាននិយាយកាលពីខែមីនាថានឹងឈប់ចែក រំលែកព័ត៌មាននៅក្រោមសន្ធិសញ្ញា New START ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តដូចគ្នាពីភាគីរុស្ស៉ី។ ក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់ក្នុង សេចក្ដីថ្លែងការណ៍មួយដូច្នេះថា «សហរដ្ឋអាមេរិក នៅតែបន្តចាត់ទុកថាតម្លាភាពនៅក្នុងចំណោមរដ្ឋនុយក្លេអ៊ែរ គឺពិតជាមានតម្លៃជាទីបំផុតសម្រាប់ការកាត់ បន្ថយហានិភ័យនៃការយល់ខុស ការគណនាខុស និងការរត់ប្រណាំងអាវុធ។ សហរដ្ឋអាមេរិកអំពាវនាវឱ្យសហព័ន្ធរុស្ស៉ីអនុវត្តកាតព្វកិច្ចរបស់ខ្លួនដោយត្រឡប់ មកអនុវត្តយ៉ាងពេញលេញនូវសន្ធិសញ្ញា New START...»

គួរបញ្ជាក់ថា បើតាមការចេញផ្សាយទិន្នន័យខាងលើដែលក្រសួងការបរទេសអាមេរិក ហៅថាជាការស្ម័គ្រចិត្ត សហរដ្ឋអាមេរិកបានដាក់ពង្រាយក្បាលគ្រាប់ នុយក្លេអ៊ែរ ១,៤១៩គ្រាប់ គិតត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ។ តួលេខនេះធ្លាក់ចុះពី១,៥១៥គ្រាប់ កាលពីខែមីនា ឆ្នាំ២០២២។ ចំណែក រុស្ស៉ីកាលពី ឆ្នាំ២០២២ បានឱ្យដឹងថាខ្លួនបានដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរ ១,៤៧៤គ្រាប់ ខណៈនៅក្រោមសន្ធិសញ្ញា New START បានកំណត់ការដាក់ពង្រាយ ក្បាលគ្រាប់នុយក្លេអ៊ែរត្រឹម ១,៥៥០គ្រាប់៕