(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃចន្ទនេះបានឱ្យដឹងថាសហរដ្ឋអាមេរិកមើលឃើញសញ្ញាកាន់តែច្រើនឡើងថារុស្ស៉ី និងអ៉ីរ៉ង់កំពុងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិមិនធ្លាប់មានពីមុនមក​ ដែលនេះអាចនឹងជួយដល់ទីក្រុងមូស្គូក្នុងការអូសបន្លាយសង្រ្គាមរបស់ខ្លួន នៅអ៊ុយក្រែន ក៏ដូចជាអាចនឹងក្លាយជា ការគំរាមកំហែងដ៏ធំដល់បណ្ដាប្រទេសជិតខាងរបស់អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បានបញ្ជាក់ថាជាផ្នែកមួយកិច្ចសហប្រតិបត្តិការ អ៉ីរ៉ង់ បានផ្ដល់ឱ្យរុស្ស៉ីនូវយន្ដហោះដ្រូនប្រយុទ្ធ ក្នុងនោះរួមមានទាំងយន្ដហោះដ្រូនជាង ៤០០គ្រឿងចាប់តាំងពីខែសីហា ឆ្នាំ២០២២មក។ លោក Kirby បន្ថែមថា ទាំងនេះជាសញ្ញាបង្ហាញពីការពង្រីកភាពជាដៃគូយោធា ដែលអាចនឹងអនុញ្ញាឱ្យរុស្ស៉ីសម្លាប់មនុស្សកាន់តែច្រើន ក្នុងប្រទេសអ៊ុយក្រែន ព្រមទាំងអាចសម្រួល ដល់អ៉ីរ៉ង់ក្នុងការបង្កើនការស្ដុកអាវុធដែលនេះនឹងបង្កការគំរាមកំហែងមួយដ៏ធំដល់ប្រទេសក្បែរខាងអ៉ីរ៉ង់។

គួរបញ្ជាក់ថា យន្ដហោះដ្រូន គឺជាអាវុធដ៏ចម្បងមួយដែលអ៉ីរ៉ង់ត្រូវបានគេរាយការណ៍ថាបានផ្ដល់ឱ្យរុស្ស៉ី ដែលកំពុងស្វែងរកអាវុធទំនើបៗពីខាងក្រៅ។ បើតាម លោក Kirby សហរដ្ឋអាមេរិកអាចនឹងប្រកាសពីចំណាត់ការបន្ថែម ឆ្លើយតបទៅនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការរវាងរុស្ស៉ី និងអ៉ីរ៉ង់៕