(វ៉ាស៊ីនតោន)៖ ក្រសួងយុត្តិធម៌អាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បានឱ្យដឹងថាពលរដ្ឋអាមេរិកដើមកំណើតចិនម្នាក់ ត្រូវបានចាប់ខ្លួនពីបទផ្ដល់ព័ត៌មាន ពាក់ព័ន្ធនឹងសកម្មជនចិននៅក្នុងសហរដ្ឋអាមេរិក ទៅឱ្យរដ្ឋាភិបាលចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣។

បើតាមក្រសួងយុត្តិធម៌អាមេរិក លោក លីតាំង លៀង (Litang Liang) មានអាយុ ៦៣ឆ្នាំ រស់នៅក្នុងទីក្រុង Brighton រដ្ឋ Massachusetts ត្រូវបាន ចាប់ខ្លួន កាលពីថ្ងៃទី៩ ខែឧសភា ក្រោមបទចោទប្រកាន់ថាបានដើរតួនាទីជាទីភ្នាក់ងាររបស់សាធារណរដ្ឋប្រជាមានិតចិន ដោយមិនបានជូនដំណឹងដល់ អាជ្ញាធរអាមេរិក។ ក្រសួងបន្ថែមទៀតថា លោក លីតាំង នៅចន្លោះពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ បានផ្ដល់ព័ត៌មានអំពីសកម្មជនចិន និងអ្នករិះគន់ រដ្ឋាភិបាលចិន ក្នុងនោះរួមមានទាំងសមាគម ឬអង្គការមានទំនោរគាំទ្រតៃវ៉ាន់ ទៅឱ្យទីក្រុងប៉េកាំង។

គួរបញ្ជាក់ថា ការប្រកាសពីចាប់ខ្លួនលោក លីតាំង លៀង កើតមានឡើងក្នុងថ្ងៃតែមួយ ដែលតុលាការមួយទីក្រុង ស៊ូចូវ (Suzhou) ស្ថិតនៅភាគកើត ប្រទេសចិន កាលពីថ្ងៃចន្ទ បានផ្ដន្ទាទោសពលរដ្ឋអាមេរិក លោក ចន ស៉ីងវ៉ានលាំង (John Shing-wan Leung) មានអាយុ ៧៨ឆ្នាំ ដាក់ពន្ធនាគារអស់មួយជីវិតពីបទធ្វើចារកម្ម៕