(ខារទូម)៖ មួយខែចាប់តាំងពីជម្លោះរបស់ស៊ូដង់បានផ្ទុះឡើង រដ្ឋធានីរបស់ខ្លួនបានក្លាយជាតំបន់សង្គ្រាមដាច់ស្រយាល ដោយអ្នកស្រុកដែលភ័យរន្ធត់បានប្រមូលផ្តុំគ្នានៅក្នុងផ្ទះ ខណៈដែលការប្រយុទ្ធគ្នាដោយកាំភ្លើងបានផ្ទុះឡើង ហើយតំបន់ Darfur ភាគខាងលិចក៏បានធ្លាក់ចូលទៅក្នុងភាពវឹកវរយ៉ាងធ្ងន់ធ្ងរផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣។
អ្នកស្រុកនៅទីក្រុងខារទូមបានស៊ូទ្រាំនឹងការខ្វះខាតស្បៀងអាហារ និងការផ្គត់ផ្គង់មូលដ្ឋានជាច្រើនសប្តាហ៍។ ទីក្រុងដែលមានប្រជាជនប្រមាណ៥លាននាក់រស់នៅ ដែលជាកន្លែងដែលមានស្ថិរភាពក្នុងរយៈពេលយូរ បានក្លាយជាសំបកនៃអតីតខ្លួនឯង។
យន្តហោះដែលឆេះសន្ធោសន្ធៅដាក់ចោលក្នុងព្រលាន ស្ថានទូតបរទេសត្រូវបានបិទ ហើយមន្ទីរពេទ្យ ធនាគារ ហាង និងឃ្លាំងទំនិញនានានត្រូវបានចោលួចភ្លន់។
ក្រុមគ្រូពេទ្យបាននិយាយថា អំពើហឹង្សាក៏បានផ្ទុះឡើងម្តងទៀតនៅក្នុងទីក្រុង El Geneina រដ្ឋធានីនៃរដ្ឋ West Darfur ដោយបានសម្លាប់មនុស្សរាប់រយនាក់ និងទុកឱ្យប្រព័ន្ធសុខាភិបាល «ខូចទាំងស្រុង»។
យោងតាមសាក្សី ការប្រយុទ្ធគ្នាបានបន្តនៅព្រឹកថ្ងៃចន្ទ (១៥ ឧសភា) ជាមួយនឹងសំឡេងនៃការផ្ទុះដ៏ធំនៅទីក្រុងខារទូម ខណៈផ្សែងគ្របដណ្តប់នៅលើមេឃ។
អ្នកស្រុកអាយុ ៣៧ឆ្នាំម្នាក់នៅភាគខាងត្បូងទីក្រុងខារទូមដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា «ស្ថានភាពកាន់តែអាក្រក់ទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ...មនុស្សកាន់តែភ័យខ្លាចព្រោះភាគីទាំងពីរកាន់តែសាហាវ»។
យោងតាមការឱ្យដឹងកាលពីសប្តាហ៍មុន របស់ UNHCR ប្រជាជនជាង៧០០,០០០នាក់ផ្សេងទៀត ក៏បានព្រាត់ប្រាសពីផ្ទះសម្បែងនៅក្នុងស៊ូដង់ផ្ទាល់ផងដែរ ដោយសារតែការប្រយុទ្ធគ្នាដណ្តើមអំណាចរវាងកងទ័ពស៊ូដង់ ហើយនិងកងកម្លាំងទាហានប៉ារ៉ា ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែមេសា និងបានបន្តផ្តាច់ជីវិតមនុស្សកើនដល់ជាង ៧៥០នាក់ និងបង្កឱ្យរបួសយ៉ាងហោច ៥,០០០នាក់៕