(បាងកក)៖ គណបក្សភឿថៃបាននិយាយនៅថ្ងៃចន្ទ (១៥ ឧសភា) ថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយគណបក្សកំណែទម្រង់ចលនាឆ្ពោះទៅមុខ (MFP) បន្ទាប់ពីប្រជាជនថៃភាគច្រើនបានបោះបង់រដ្ឋាភិបាលដែលមានទំនាក់ទំនងជាមួយយោធា ដែលកំពុងកាន់អំណាច។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣។
គណបក្សចលនាឆ្ពោះទៅមុខ (MFP) កំពុងស្ថិតនៅលើផ្លូវក្លាយជាគណបក្សដ៏ធំបំផុតនៅក្នុងសភា ខណៈគណបក្សភឿថៃបាននិយាយថា ខ្លួននឹងទទួលយកការអញ្ជើញរបស់មេដឹកនាំគណបក្សគឺលោក Pita Limjaroenrat ឱ្យចូលរួមជាក្រុមចម្រុះ ដោយបន្ថែមថាគាត់ទទួលបានសិទ្ធិដឹកនាំរដ្ឋាភិបាល។
មុននេះ លោក Pita បាននិយាយថា លោកបានហៅទូរសព្ទទៅ លោកស្រី Paetongtarn Shinawatra ដែលជាបេក្ខជននាយករដ្ឋមន្ត្រីដ៏សំខាន់របស់គណបក្សភឿថៃ ដើម្បីអបអរសាទរលទ្ធផលបោះឆ្នោត និងអញ្ជើញលោកស្រីឱ្យចូលរួមក្នុងក្រុមចម្រុះ។
គួរបញ្ជាក់ថា គណបក្សចលនាឆ្ពោះទៅមុខ (MFP) និងគណបក្សភឿថៃ ត្រូវបានគេរំពឹងថានឹងឈ្នះអាសនៈចំនួន ២៩២អាសនៈ ក្នុងចំណោម ៥០០អាសនៈនៅក្នុងសភាតំណាងរាស្រ្ត ដោយគណបក្សដែលចូលបក្សសម្ព័ន្ធយោធាសំខាន់ទាំងពីរទទួលបានតែ ៧៦ប៉ុណ្ណោះ។
តែទោះជាបែបនេះក្ដី លទ្ធផលបោះឆ្នោតនេះមិនទាន់អាចសម្រេចបានថាតើនរណានឹងក្លាយជានាយករដ្ឋមន្ត្រី ឬក៏នរណាអាចនឹងបង្កើតរដ្ឋាភិបាល បាននៅឡើយ ទេ។ ពីព្រោះការតែងតាំងនាយករដ្ឋមន្ត្រី ឬក៏ការបង្កើតរដ្ឋាភិបាលត្រូវធ្វើឡើងតាមរយៈរដ្ឋសភា និងព្រឹទ្ធសភា ដែលអាចនឹងប្រព្រឹត្តទៅនៅ ខែកក្កដាខាងមុខ។ ដូច្នេះ គណបក្សប្រឆាំងត្រូវរកដៃគូក្រុមចម្រុះ រីឯគណបក្សគាំទ្រដោយយោធាក៏ត្រូវរកដៃគូបង្កើតក្រុមចម្រុះដូចគ្នាដែរ។ បញ្ហាស្មុគស្មាញ គឺនៅត្រង់ថា សមាជិកព្រឹទ្ធសភា ទាំង២៥០នាក់ សុទ្ធតែត្រូវបានតែងតាំងដោយយោធា ម្លោះហើយពួកគេមុខជាមានទំនោរបោះឆ្នោតគាំទ្រដល់គណបក្ស ឬបេក្ខជននាយករដ្ឋមន្ត្រី គាំទ្រដោយ យោធា៕