(មូស្គូ)៖ លោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) ដែលជាថៅកែរបស់ក្រុមហ៊ុនទាហានស៉ីឈ្នួលរុស្ស៉ី Wanger បានចេញមុខច្រានចោល សេចក្តីរាយការណ៍ព័ត៌មានមួយ របស់កាសែតអាមេរិក Washington Post ដែលអះអាងថា រូបលោកបានស្នើទម្លាយព័ត៌មានអំពីទីតាំងរបស់កងទ័ពរុស្ស៉ី ប្រាប់ទៅកាន់រដ្ឋាភិបាលអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣។
កងកម្លាំងរបស់ក្រុម Wagner ជាច្រើនខែមកនេះ បានដឹកនាំកិច្ចប្រឹងប្រែងដ៏បង្ហូរឈាមរបស់រុស្ស៉ី ក្នុងការព្យាយាមវាយដណ្តើមកាន់កាប់ ទីក្រុងបាកមូត (Bakhmut) នៅភាគខាងកើតអ៊ុយក្រែន។ កាសែត Washington Post បានរាយការណ៍ថា កាលពីខែមករា ឆ្នាំនេះ លោក ព្រីហ្គោហ្ស៉ីន បានស្នើផ្តល់ទីតាំងរបស់កងកម្លាំងទាហានរុស្ស៉ី ដល់អ៊ុយក្រែន ដើម្បីជាថ្នូរឱ្យទីក្រុងកៀវដកកម្លាំងរបស់ខ្លួនចេញពីបាកមូត ប៉ុន្តែខាងអ៊ុយក្រែនបានបដិសេធសំណើនោះ។ កាសែត Washington Post បានធ្វើសេចក្តីរាយការណ៍របស់ខ្លួន ដោយយោងទៅតាមឯកសារសម្ងាត់របស់យោធាអាមេរិក ដែលបានបែកធ្លាយនៅលើបណ្តាញអ៉ីនធើណិត ខណៈអ្នកនាំពាក្យសេតវិមាន បានបដិសេធផ្តល់ការអត្ថាធិប្បាយ ជុំវិញសេចក្តីរាយការណ៍នោះ។
គួរបញ្ជាក់ថា កន្លងទៅនេះ លោក ព្រីហ្គោហ្ស៉ីន បានគំរាមជាសាធារណៈថា នឹងដកកងកម្លាំង Wagner របស់លោក ចេញពីទីក្រុង Bakhmut កាលពីសប្តាហ៍មុន ជាទីដែលរូបលោកបានបាត់បង់កម្លាំងអស់ជាច្រើន ក្នុងសមរភូមិរាប់ខែមកនេះ ប្រសិនបើពុំទទួលបានការផ្តល់គ្រាប់រំសេវបន្ថែមពីក្រសួងការពារជាតិរុស្ស៉ីទេនោះ។ បន្ទាប់មក លោកបានអះអាងថា រូបលោកត្រូវគេប្រាប់ថា លោកហើយនិងកងកម្លាំង Wagner អាចនឹងត្រូវចាត់ទុកជាជនក្បត់ បើហ៊ានបោះបង់ចោលទីតាំងរបស់ខ្លួន ឬដកថយចេញពីទីក្រុង Bakhmut។ លោក ព្រីហ្គោហ្ស៉ីន ធ្លាប់បានចោទប្រកាន់ ក្រសួងការពារជាតិរុស្ស៉ីជាច្រើនសាថា មានចេតនាកាត់ផ្ដាច់ការផ្គត់ផ្គង់គ្រាប់រំសេវឱ្យទាហានរបស់លោក តែខាងក្រសួងបានឆ្លើយតប ទៅវិញថាខ្លួនកំពុងធ្វើការងារនេះហើយ ដើម្បីធានាថាទាហានរុស្ស៉ីនឹងទទួលបាននូវអ្វីដែលពួកគេត្រូវការ ដើម្បីប្រយុទ្ធនៅសមរភូមិ៕