(កូប៉ិនហាក)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចេញសេចក្តីអំពាវនាវថ្មីមួយទៀតទៅកាន់អង្គការណាតូ (NATO) នៅថ្ងៃចន្ទនេះដើម្បីស្នើឲ្យមានការសម្រេចចិត្តលើសមាជិកភាពរបស់ខ្លួន នៅក្នុងកិច្ចប្រជុំកំពូលខែកក្កដា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣។
ខណៈដៃគូលោកខាងលិចរបស់អ៊ុយក្រែន បានផ្តល់អាវុធជាបន្តបន្ទាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី ទីក្រុងកៀវចង់បានការធានាសន្តិសុខកាន់តែខ្លាំងសម្រាប់ពេលអនាគត ហើយសង្ឃឹមថានឹងអាចក្លាយជាសមាជិក របស់សម្ព័ន្ធមិត្តយោធាណាតូ ដែលគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលមួយ នៅឯទីក្រុងវីលនីញូស (Vilnius) នៃប្រទេសលីទុអានី ក្នុងខែកក្កដាខាងមុខ។
ក្នុងសុន្ទរកជាតាមវីដេអូទៅកាន់កិច្ចប្រជុំកំពូលប្រជាធិបតេយ្យ នៅទីក្រុងកូប៉ិកហាក (Copenhagen) នៃប្រទេសដាណឺម៉ាក លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «វាដល់ពេលហើយ ដើម្បីដកចេញនូវភាពមិនប្រាកដប្រជាផ្នែកសន្តិសុខដ៏ធំបំផុតនៅតំបន់អឺរ៉ុប ពោលគឺការអនុម័តលើការសម្រេចចិត្តខាងផ្នែកនយោបាយ ដ៏វិជ្ជមានលើសមាជិកភាពអ៊ុយក្រែន នៅក្នុងអង្គការណាតូ»។
គួរបញ្ជាក់ថា លោក ហ្សេលេនស្គី កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេសអឺរ៉ុប ដើម្បីស្វែងរកការគាំទ្រមុនពេលបើកប្រតិបត្តិការវាយបកដែលបានគ្រោងទុក ដើម្បីព្យាយាមដណ្តើមយកទឹកដី ដែលកាន់កាប់ដោយរុស្ស៉ីមកវិញ៕