(ប៉េកាំង)៖ ពលរដ្ឋអាមេរិកម្នាក់អាយុ៧៨ឆ្នាំ ដែលមានលំនៅក្នុងទីក្រុងហុងកុង ត្រូវបានតុលាការមួយនៅភាគខាងកើតនៃប្រទេសចិន ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងសកម្មភាពចារកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣។

លោក ចន ស៉ីងវ៉ានលាំង (John Shing-wan Leung) ក៏ត្រូវបានដកហូតសិទ្ធិនយោបាយផងដែរ។ តុលាការចិននៅឯទីក្រុងស៊ូចូវ បាននិយាយថា លោក លាំង មានទីលំនៅអចិន្រ្តៃយ៍នៅទីក្រុងហុងកុង ហើយកាន់លិខិតឆ្លងដែនសហរដ្ឋអាមេរិក។ តុលាការមិនបានផ្តល់​ព័ត៌មានលម្អិត អំពីបទល្មើសដែលត្រូវបានចោទប្រកាន់ឡើយ ប៉ុន្តែបានឱ្យដឹងថា ទីភ្នាក់ងារសន្តិសុខក្រុងស៊ូចូវ បានចាប់ផ្តើមការស៉ើបអង្កេត​លើរូបលោក កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ក្រោមការសង្ស័យពីបទធ្វើចារកម្ម។ ពុំមានការបញ្ជាក់ច្បាស់ថា លោក លាំង ត្រូវបាន​ចាប់ខ្លួនតាំងពីពេលណាឡើយ។ ពាក់ព័ន្ធដំណឹងនេះ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំប្រទេសចិន បាននិយាយដូច្នេះថា «ក្រសួងការបរទេសអាមេរិក ផ្តល់អាទិភាពខ្ពស់បំផុតចំពោះសុវត្ថិភាពនិងសន្តិសុខ របស់ពលរដ្ឋអាមេរិកនៅក្រៅប្រទេស»

គួរបញ្ជាក់ថា ការផ្តន្ទទោសកម្រិតធ្ងន់បែបនេះ គឺជារឿងកម្រមួយសម្រាប់ពលរដ្ឋបរទេស នៅក្នុងប្រទេសចិន ហើយករណីខាងលើទំនងជា​នឹងធ្វើឱ្យទំនាក់ទំនង ដែលមានភាពតានតឹងខ្លាំងស្រាប់ទៅហើយនោះ រវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៉ីនតោនជុំវិញបញ្ហាចម្រុះជាច្រើន កាន់តែធ្លាក់ដុនដាបថែមទៀតមិនខាន។ កាលពីសប្តាហ៍មុន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានជួបជាមួយមន្រ្តីការទូតកំពូលចិនលោក វ៉ាង យី (Wang Yi) ដើម្បីព្យាយាមរក្សាឱ្យ ច្រកទំនាក់ទំនងគ្នានៅតែបើកចំហ និងដើម្បីជួយធ្វើឱ្យចំណងទាក់ទងរវាងប្រទេសកំពូលមហាអំណាចទាំងពីរ អាចមានស្ថិរភាពឡើងវិញ៕