(ប៉េកាំង)៖ លោក Blinken រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយ នាពេលថ្មីៗកន្លងទៅនេះដោយបាន "លើកទឹកចិត្តយ៉ាងខ្លាំង" ឱ្យអង្គការសុខភាពពិភពលោកអញ្ជើញចិនតៃវ៉ាន់ ឱ្យចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោកឆ្នាំនេះ ក្នុងនាមជាអ្នកអង្កេតការណ៍ ។ ប្រព័ន្ធសារព័ត៌មានជាច្រើនសម្គាល់ឃើញថា ក្រោមការញុះញង់របស់សហរដ្ឋអាមេរិក កិច្ចប្រជុំកំពូលនៃប្រទេស G7 ដែលជិតនឹងបើកធ្វើនៅប្រទេសជប៉ុននឹង ឃោសនាបំប៉ោងពី"ការគំរាមកំហែងរបស់ចិន" ហេតុនេះហើយ តាមការប៉ាន់ប្រមាណ បញ្ហាតៃវ៉ាន់នឹងទទួល" ការយកចិត្តទុកដាក់"ជាពិសេស ។
ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសលោកខាងលិចមួយចំនួនតូចដែលដឹកនាំដោយ សហរដ្ឋអាមេរិកបានបង្កររឿងហេតុលើ បញ្ហាតៃវ៉ាន់ជាញឹកញាប់ ។ នៅពេលដែលលោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិកកាលនោះ បានទៅបំពេញទស្សនកិច្ចនៅតំបន់ចិនតៃវ៉ាន់កាលពីខែសីហា ឆ្នាំ ២០២២ រដ្ឋមន្ត្រីក្រសួងការបរទេសនៃរដ្ឋសមាជិកប្រទេស G7 ធ្លាប់ចេញផ្សាយនូវអ្វីដែលហៅថា សេចក្តីថ្លែងការណ៍រួមមួយដោយបានទាមទារឱ្យប្រទេសចិន កុំប្រើប្រាស់កម្លាំងបាយមកកែប្រែ ស្ថានការណ៍បច្ចុប្បន្ននៅច្រកសមុទ្រតៃវ៉ាន់ដោយឯកតោភាគី ។ នេះជាពាក្យសម្តីខុសទំនងដែលនិយាយប្រែសជាខ្មៅ ។ អ្នកចេះដឹងសុទ្ធតែអាចមើលច្បាស់ថា ការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ គឺ សកម្មភាពអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងការបណ្តែតបណ្តោយនិងគាំទ្រពីកម្លាំងខាងក្រៅ ។
គួរបញ្ជាក់ថា បញ្ហាតៃវ៉ាន់គឺជាចំណុចគន្លឹះនៃផលប្រយោជន៍ស្នូលរបស់ប្រទេសចិន ។ គោលការណ៍ចិនតែមួយជាគំនិតឯកភាពរួម ជាទូទៅនៃសហគមន៍អន្តរជាតិនិងជាក្រមមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិដែលទទួលបាន ការទទួលស្គាល់ជាទូទៅពី សំណាក់សហគមន៍អន្តរជាតិ ហើយក៏ជាមូលដ្ឋាននយោបាយសម្រាប់ប្រទេសចិន ក្នុងការបង្កើតទំនាក់ទំនងការទូត ជាមួយប្រទេសដទៃទៀត ។ ប្រសិនបើសហរដ្ឋអាមេរិកចង់ឱ្យអូសទាញ សម្ព័ន្ធមិត្តក្នុងការប្រើបញ្ហាតៃវ៉ាន់ធ្វើជាសន្លឹកបៀ រហូតដល់បង្កើតអ្វីដែលហៅថា "គំនិតឯកភាពរួម"ណាមួយលើឆាកអន្តរជាតិ នោះ វាគឺជាការគិតខុសទាំងស្រុង ។
អ្នកផងទាំងពួងបានកត់សម្គាល់ឃើញថា នៅពេលដែលលោក Emmanuel Macron ប្រធានាធិបតីបារាំងបានបំពេញទស្សនកិច្ច នៅប្រទេសចិនកាលពីខែមេសា ឆ្នាំនេះ លោកបានរំលឹកឡើងវិញថា ប្រទេសបារាំងគោរពព្រមទាំងប្រកាន់ខ្ជាប់ នូវគោលនយោបាយចិនតែមួយ ហើយលោកបានលើកឡើងថា អឺរ៉ុបចាំបាច់ត្រូវកំណត់ផលប្រយោជន៍ និងតម្រូវការរបស់ខ្លួនលើបញ្ហាតៃវ៉ាន់ ព្រមទាំងធ្វើការសម្រេចចិត្តដោយសំអាងតាមការនេះ ។ យ៉ាងណាមិញ ការបង្ហាញឥរិយាបថបែបនេះបានបង្កឱ្យមានការមិនពេញចិត្តពីសំណាក់អាមេរិក ។ បើគិតពិចារណាពីវិបតិ្តទំនុកចិត្តដែលបណ្តាលមកពី ការបែកធ្លាយនៃឯកសារសម្ងាត់របស់រដ្ឋាភិបាលអាមេរិក សម្រាប់ឃ្លាំមើលនិងលួចស្តាប់សម្ព័ន្ធមិត្តរបស់ខ្លួន ផ្ទៃក្នុងប្រទេស G7 បានកើតមានការបែកបាក់គ្នាផ្ទៃក្នុងជាយូរមកហើយ ។
ទាក់ទិននឹងបញ្ហាតៃវ៉ាន់ មួយផែ្នក សហរដ្ឋអាមេរិកបានអះអាងថា នឹងប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ មិនគាំទ្រកម្លាំងអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ មួយផ្នែកទៀត បែរជាបានលេងឧបាយកលនយោបាយដែល" ប្រើបញ្ហាតៃវ៉ាន់មកទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន" ថែមមួយកម្រិតទៀត ។ ពីការដែលលោក Kevin McCarthy ប្រធានសភាតំណាងរាស្រ្តអាមេរិក បានជួបសន្ទនាជាមួយបុគ្គល Tsai Ing-wen មេដឹកនាំតំបន់ចិនតៃវ៉ាន់ដែលទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក រហូតដល់នាវាចម្បាំងកងទ័ពអាមេរិកបានធ្វើនាវាចរណ៍ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ក្រោមលេស "សេរីភាពខាងនាវាចរណ៍" ពីក្រុមមហ៊ុនទទួលម៉ៅកិច្ចការពារជាតិរបស់អាមេរិកជាង ២០ សហគ្រាសបានធ្វើដំណើរទៅដល់តៃវ៉ាន់ ដើម្បីធ្វើការពិគ្រោះពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការយោធា រវាងសហរដ្ឋអាមេរិកនិងតំបន់តៃវ៉ាន់រហូតដល់ អ្នកនយោបាយអាមេរិកជួយតៃវ៉ាន់ឱ្យត្រួសត្រាយ អ្វីដែលហៅថា "លំហអន្តរជាតិ" តើប្រទេសណាមួយនិយាយបានតែមាត់ថា នឹងគាំពារសន្តិភាពនៃច្រកសមុទ្រតៃវ៉ាន់ តាមការពិត បែរជាបានធ្វើអ្វីដែលចាក់សាំងលើភ្លើង ? ពិភពលោកបានមើលឃើញយ៉ាងច្បាស់រួចហើយ ។
សូមបញ្ជាក់ដែរថា នៅលើទូទាំងពិភពលោកមានប្រទេសចិនតែមួយ តៃវ៉ាន់ជាចំណែកមួយនៃទឹកដីប្រទេសចិន ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល ។ គោលការណ៍ចិនតែមួយទទួលបានការគាំទ្រ ជាទូទៅពីសំណាក់សហគមន៍អន្តរជាតិ នេះជាគោលបំណងទូទៅរបស់ប្រជាជន ដែលនិន្នាការនេះមិនអាចដើរបញ្រ្ចាសបានទេ ។ បើអ្នកណាចង់ធ្វើឱ្យប្រទេសចិនបន្ធូរបន្ថយជំហរលើបញ្ហាតៃវ៉ាន់ នោះ វាគឺជាការស្រមើស្រមៃប្រៀបដូចជាយកដុំថ្មទម្លាក់លើជើងខ្លួនឯង ៕
វិទ្យុមិត្តភាពកម្ពុជាចិន