(ចូហាន់ណេសបឺគ)៖ ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក ស៉ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) បាននិយាយនៅថ្ងៃចន្ទនេះថា គោលជំហរមិនចូលបក្សសម្ព័ន្ធនៃប្រទេសរបស់លោក នឹងមិនផ្អៀងទៅរករុស្ស៉ីជាជាងប្រទេសដ៏ទៃនោះទេ ហើយអំពាវនាវឲ្យបន្តដោះស្រាយសង្រ្គាមនៅអ៊ុយក្រែនដោយសន្តិវិធី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣។

លោក រ៉ាម៉ាហ្វូសា បានគូសបញ្ជាក់ថា «យើងមិនអាចទទួលយកបានទេថា គោលជំហរមិនចូលបក្សសម្ព័ន្ធរបស់យើង អនុគ្រោះដល់រុស្ស៉ីលើសពីប្រទេសដទៃទៀតទេ។ យើងក៏មិនទទួលយកដែរថា វាបានធ្វើឲ្យដល់ខូចទំនាក់ទំនងរបស់យើង ជាមួយប្រទេសផ្សេងទៀត»។ លោកប្រធានាធិបតី បានបន្ថែមថា អាហ្រ្វិកខាងត្បូងនឹងបន្តគោរពកិច្ចព្រមព្រៀង និងសន្ធិសញ្ញាអន្តរជាតិដែលខ្លួនជាប្រទេសហត្ថលេខី ហើយនឹងការដោះស្រាយរបស់ខ្លួន ចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិក ជុំវិញការដឹកជញ្ជូនអាវុធឲ្យរុស្ស៉ី ក៏នឹងស្របទៅតាមនោះដែរ។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់ លោក រ៉ាម៉ាហ្វូសា នៅក្នុងរបាយការណ៍ប្រចាំសប្តាហ៍របស់ប្រធានាធិបតី បានធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់របស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុនថា មានការបញ្ជូនអាវុធតាមនាវា Lady R របស់រុស្ស៉ីចេញពីមូលដ្ឋានទ័ពជើងទឹកក្នុងទីក្រុងខេប ថោន (Cape Town) កាលពីចុងឆ្នាំ២០២២ ដែលប្រការនេះកំពុងបង្កឲ្យមានជម្លោះផ្នែកខាងការទូត។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអាហ្វ្រិកខាងត្បូង លោក រូបេន ប្រ៊ីហ្គឺជី (Reuben Brigety) បាននិយាយថា មន្ត្រីជាន់ខ្ពស់អាមេរិក «ព្រួយបារម្ភយ៉ាងខ្លាំង» លើគោលនយោបាយមិនចូលបក្សសម្ព័ន្ធ និងអព្យាក្រឹតភាពរបស់អាហ្រ្វិកខាងត្បូង ចំពោះសង្គ្រាមរុស្ស៉ីនៅអ៊ុយក្រែន។ ក្រោយពីមានការលើកឡើងបែបនេះ លោក ប្រ៊ីហ្គឺទី ត្រូវបានកោះហៅឲ្យចូលទៅបកស្រាយនៅ ក្រសួងការបរទេសអាហ្រ្វិកខាងត្បូង ហើយក៏បានធ្វើការសុំទោសចំពោះរដ្ឋាភិបាល និងប្រជាជនអាហ្វ្រិកខាងត្បូង៕