(ឡុងដ៍)៖ នាថ្ងៃចន្ទនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើដំណើរមកដល់ចក្រភពអង់គ្លេស ដើម្បីជួបជាមួយនាយករដ្ឋមមន្រ្តីអង់គ្លេស លោក រីស៉ី ស៊ូណាក់ (Rishi Sunak) ដែលនឹងសន្យាផ្តល់មីស៉ីលការពារដែនអាកាស ព្រមទាំងដ្រូនសម្រាប់វាយប្រហាររយៈចម្ងាយឆ្ងាយរាប់រយ ឱ្យទៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣។
លោក ហ្សេលេនស្គី បានសរសេរលើប្រព័ន្ធ Twitter ដូច្នេះថា «ថ្ងៃនេះនៅទីក្រុងឡុងដ៍។ អង់គ្លេសគឺជាអ្នកនាំមុខមួយ បើនិយាយអំពីការជួយជ្រោមជ្រែង ពង្រីកសមត្ថភាពយោធារបស់យើង ទាំងនៅលើដីគោកនិងនៅលើផ្ទៃអាកាស។ កិច្ចសហប្រតិបត្តិការនេះនឹងបន្តទៅមុខទៀត។ ខ្ញុំនឹងជួបមិត្ត រីស៉ី ហើយយើងនឹងធ្វើការពិភាក្សាប្រកបដោយអត្ថន័យ ក្នុងលក្ខណៈទល់មុខគ្នា និងរវាងប្រតិភូ»។
បើតាមសេចក្តីថ្លែងការណ៍របស់ទីក្រុងឡុងដ៍ កំលុងជំនួបជាមួយលោក ហ្សេលេនស្គី លោក ស៊ូណាក់ នឹងប្រកាសអំពីការផ្តល់ជំនួយបន្ថែមទៀតរបស់ចក្រភពអង់គ្លេស ក្នុងការផ្តល់មីស៉ីលការពារដែនអាកាស និងប្រព័ន្ធយន្តហោះដ្រូនសរុបរាប់រយ ដោយក្នុងនោះនឹងរួមមានទាំងដ្រូនវាយប្រហាររយៈចម្ងាយឆ្ងាយ ដែលអាចធ្វើប្រតិបត្តិការបាន ជាង២០០គីឡូម៉ែត្រ។
កាលពីសប្តាហ៍មុន ចក្រភពអង់គ្លេសបានក្លាយជាប្រទេសលោកខាងលិចដំបូងគេ ដែលបានផ្តល់មីស៉ីលគ្រូសរយៈចម្ងាយឆ្ងាយឱ្យទៅអ៊ុយក្រែន ជាមួយមីស៉ីលឈ្មោះថា Storm Shadow របស់ខ្លួន ដែលអាចបាញ់ចេញពីយន្តហោះបានចម្ងាយ ២៥០គីឡូម៉ែត្រ។ ទីក្រុងឡុងដ៍គឺជាអ្នកផ្គត់ផ្គង់ជំនួយសព្វាវុធធំជាងគេលំដាប់ទី២ ឱ្យទីក្រុងកៀវ បន្ទាប់ពីសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ លោកប្រធានាធិបតីអ៊ុយក្រែន បានបំពេញទស្សនកិច្ចជាបន្តបន្ទាប់នៅតាមប្រទេសអឺរ៉ុបមួយចំនួន ដូចជាអ៉ីតាលី អាល្លឺម៉ង់ និងបារាំង ស្របពេលដែលលោកកំពុងព្យាយាមស្វែងរក ការបង្កើនជំនួយយោធាក៏ដូចជាហិរញ្ញវត្ថុបន្ថែមទៀត សម្រាប់ប្រទេសរបស់លោក មុនការបើកប្រតិបត្តិការវាយបកប្រឆាំងនឹងកងកម្លាំងរុស្ស៉ី។ ទាំងអាល្លឺម៉ង់និងបារាំង សុទ្ធតែបានប្រកាសផ្តល់ជំនួយយោធាថ្មីៗដូចគ្នាឱ្យទីក្រុងកៀវ ដោយក្នុងនោះកញ្ចប់ជំនួយរបស់អាល្លឺម៉ង់ មានទំហំដល់ទៅ៣ពាន់លានដុល្លារ ដែលធំបំផុតរបស់ទីក្រុងបែរឡាំង គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅអ៊ុយក្រែន៕