(បាងកក)៖ ការបោះឆ្នោតសកលបានចាប់ផ្ដើមជាផ្លូវការហើយនៅព្រឹកថ្ងៃអាទិត្យនេះ នៅក្នុងប្រទេសថៃ ជាទីដែលសមាជិកសភា នៃសភាតំណាងរាស្ត្រ ឬសភាជាន់ទាប ត្រូវបានបោះឆ្នោតជ្រើសរើសដើម្បីបង្កើតរដ្ឋាភិបាលថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣។
ការិយាល័យបោះឆ្នោតបានបើកទ្វារនៅម៉ោង ៨ព្រឹក ហើយប្រជាជនថៃប្រហែល ៥២លាននាក់ដែលមានសិទ្ធិបោះឆ្នោតត្រូវបានគេរំពឹងថានឹងទម្លាក់សន្លឹកឆ្នោតរបស់ពួកគេ នៅក្នុងហិបឆ្នោត មុននឹងការិយាល័យបោះឆ្នោតនឹងត្រូវបិទទ្វារនៅម៉ោង ៥ល្ងាច។ ប្រជាជនថៃជាង ២លាននាក់ បានបោះឆ្នោតរួចហើយសម្រាប់ការបោះឆ្នោតដែលរៀបចំ ឡើងមុនកាលកំណត់កាលពីថ្ងៃទី៧ ខែឧសភា។ នៅក្នុងការបោះឆ្នោត ប្រជាជនថៃនឹងត្រូវបោះឆ្នោតជ្រើសរើសសមាជិកសភាសរុប ៥០០នាក់ សម្រាប់អាណត្តិថ្មីដែលមាន រយៈពេល ៤ឆ្នាំ ហើយលទ្ធផលបោះឆ្នោតក្រៅផ្លូវការអាចនឹងត្រូវបានប្រកាសនៅយប់ថ្ងៃដដែល។ ការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ជាការប្រកួតប្រជែងមួយដែលគេគ្រប់គ្នា ផ្ដោតទៅលើបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សប្រឆាំងភឿថៃ អ្នកនាង ផែថងថាន ស៊ីណាវ៉ាត់ ជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន និងជាក្មួយបង្កើត របស់អតីតនាយករដ្ឋមន្ត្រី លោកស្រី យ៉ីងឡាក់ ជាមួយនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោក បា្រយុទ្ធ ចាន់អូចា។
នៅថ្ងៃបិទបទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សភឿថៃ កាលពីថ្ងៃសុក្រកន្លងទៅ អ្នកនាងផែថងថាន ស៊ីណាវ៉ាត់ បានប្រាប់ក្រុមអ្នកគាំទ្រជាង ១០,០០០នាក់ ថាថ្ងៃអាទិត្យនេះនឹងក្លាយជាថ្ងៃប្រវត្តិសាស្ត្រ ដែលប្រទេសថៃនឹងផ្លាស់ប្ដូរពីរបបដឹកនាំយោធា ទៅជារបបប្រជាធិបតេយ្យ។ ការរិយាល័យបោះឆ្នោតជាង ៩៥,០០០កន្លែង បានបើកទ្វារ ហើយលទ្ធផលបោះឆ្នោតដែលរាប់បាន ៩៥ភាគរយនឹងត្រូវបានប្រកាសនៅយប់ថ្ងៃដដែល។ បើតាមការស្ទង់មតិភាគច្រើននាពេលកន្លងមក គណបក្សប្រឆាំងភឿថៃ ត្រូវបានគេរំពឹងថាអាចនឹងទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតសកល។ ប៉ុន្តែ ដោយសាររដ្ឋធម្មនុញ្ញថៃបច្ចុប្បន្ន និងដែលត្រូវបានកែប្រែដោយរបបសឹក ជ័យជម្នះណាមួយ នៅថ្ងៃនេះទំនងជានឹងមិនអាចកំណត់ពេញលេញថាតើនរណានឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ បាននោះទេ។
រដ្ឋធម្មនុញ្ញថៃបានចែងថានាយករដ្ឋមន្ត្រីនឹងត្រូវបានជ្រើសរើសដោយសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា ហើយបញ្ហាគឺស្ថិតនៅត្រង់ព្រឹទ្ធសភាតែម្ដងដោយសមាជិកព្រឹទ្ធសភាទាំង ២៥០នាក់ សុទ្ធតែជាមនុស្សត្រូវបានតែងតាំងដោយយោធា។ កាលពីឆ្នាំ២០១៩ គណបក្សភឿថៃទទួលបានអាសនៈច្រើនជាងគេនៅឯសភាជាន់ទាប ប៉ុន្តែដោយទទួលបាន ការគាំទ្រពីព្រឹទ្ធសភា លោក ប្រាយុទ្ធបានក្លាយជានាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាលចម្រុះ។
* មរតកបន្សល់ទុកពីបាតុកម្ម
ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី១៤ ខែឧសភានេះ គឺជាការបោះឆ្នោតជាលើកដំបូងចាប់តាំងពីបាតុកម្មតវ៉ាទ្រង់ទ្រាយធំរបស់យុវជនដឹកនាំដោយចលនាគំាទ្រប្រជាធិបតេយ្យ ផ្ទុះឡើងនៅទូទាំងទីក្រុងបាងកក កាលពីឆ្នាំ២០២០ ដើម្បីអំពាវនាវឱ្យមានការកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រថៃ។ បាតុកម្មតវ៉ា នៅពេលនោះបានថមថយសន្ទុះបន្តិច ម្ដងៗ នៅចំពោះមុខការដាក់ចេញវិធានការរឹតត្បិតប្រឆាំងកូវីដ១៩ ហើយមេដឹកនាំក្រុមបាតុករាប់សិបនាក់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។ ប៉ុន្តែថាមពលរបស់ក្រុមបាតុករដែល ភាគច្រើនជាយុវជននៅពេលនេះបានផ្ទេរទៅឱ្យគណបក្សចលនាឆ្ពោះទៅមុខ (MFP) ដែលជាគណបក្សប្រឆាំងមួយមានជំហរដាច់ណាត់។
មេដឹកនាំគណបក្ស MFP លោក ភីថា លីមចារឿនរ៉ាត់ (Pita Limjaroenrat) មានអាយុ៤២ឆ្នាំ ដែលជិះលើរថយន្ដ Jeep គ្មានដំបូលមួយគ្រឿង ធ្វើដំណើរតាមដងផ្លូវ ក្នុងទីក្រុងបាងកក កាលពីថ្ងៃសៅរ៍ ទី១៣ ខែឧសភា បានជំរុញឱ្យអ្នកបោះឆ្នោតទាំងអស់ផ្ដល់ឱកាសឱ្យយុវជនជំនាន់ក្រោយ ដើម្បីដឹកនាំប្រទេស។ ខណៈគណបក្ស MFP កំពុង សម្លឹងទៅរកការគាំទ្រពីក្រុមយុវជន ដែលតំណាងឱ្យជិតពាក់កណ្ដាលនៃប្រជាជនថៃមានសិទ្ធិបោះឆ្នោត ៥២លាននាក់ មូលដ្ឋានគាំទ្ររបស់គណបក្សភឿថៃឯណោះវិញ គឺពឹងផ្អែកលើតំបន់ជនបទនៃប៉ែកឦសានប្រទេសថៃ ជាទីដែលអ្នកបោះឆ្នោតភាគច្រើននៅតែនឹកស្រណោះដល់គោលនយោបាយសុខាភិបាលនៃអតីតរដ្ឋាភិបាលរបស់លោក ថាក់ស៊ីន អំឡុងទសវត្សរ៍ឆ្នាំ២០០០។
ចំណែកឯ លោក ប្រាយុទ្ធ រំពឹងលើអ្នកបោះឆ្នោតមានវ័យចំណាស់ ដោយលោកចាត់ទុកខ្លួនឯងថាជាបេក្ខជននាយករដ្ឋមន្ត្រីតែម្នាក់គត់ ដែលមានសមត្ថភាពសង្រ្គោះប្រទេសថៃ ចេញពីភាពចលាចល និងការបំផ្លិចបំផ្លាញ។ ប៉ុន្តែ នៅក្នុងការស្ទង់មតិជាច្រើននាពេលកន្លងមក ប្រជាប្រិយភាពរបស់លោក ប្រាយុទ្ធ បានធ្លាក់ចុះយ៉ាងគំហុក ដោយសារតែបញ្ហា សេដ្ឋកិច្ចដែលបង្កឡើងដោយវិបត្តិកូវីដ១៩។
គួរបញ្ជាក់ថា ប្រទេសថៃ ធ្លាប់ជួបប្រទះការធ្វើរដ្ឋប្រហារដោយយោធាជាច្រើនលើក និងការប្រើប្រាស់អំណាចតុលាការរំលាយគណបក្សប្រឆាំង។ មួយវិញទៀត លទ្ធផលបោះឆ្នោត នៅថ្ងៃអាទិត្យនេះ ក៏មិនច្បាស់នោះដែរថាតើវានឹងនាំទៅរកការធ្វើរដ្ឋប្រហារ ឬភាពចលាចលដែរឬក៏យ៉ាងណា ស្របពេលមានការបារម្ភថាគណបក្សចលនាឆ្ពោះទៅមុខ (MFP) អាចនឹងមានជោគវាសនាដូចគណបក្សអនាគតឆ្ពោះទៅមុខ (Future Forward Party) ដែលត្រូវបានតុលាការធម្មនុញ្ញថៃរំលាយចោល ក្រោយបក្សប្រឆាំងមួយនេះ ធ្វើបាន យ៉ាងល្អក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៩។ គោលនយោបាយសំខាន់ៗរបស់គណបក្សចលនាឆ្ពោះទៅមុខ ដែលបង្កឱ្យមានការព្រួយបារម្ភនេះ នោះគឺការធ្វើវិសោធនកម្ម ច្បាប់ប្រមាថព្រះចេស្ដា៕