(សិង្ហបុរី)៖ ទីភ្នាក់ងារបរិស្ថានជាតិ (NEA) បានឲ្យដឹងថា សីតុណ្ហភាពក្នុងប្រទេសសិង្ហបុរីបានឡើងដល់ ៣៧អង្សាសេនៅថ្ងៃសៅរ៍នេះ ដែលស្មើនឹងកំណត់ត្រាកាលពី ៤០ឆ្នាំមុនសម្រាប់សីតុណ្ហភាពអតិបរមាប្រចាំថ្ងៃខ្ពស់បំផុត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣។
សីតុណ្ហភាពកម្រិត ៣៧ អង្សារសេត្រូវកត់ត្រានៅតំបន់អាងម៉ូគី ដូចគ្នានឹងកំណត់ត្រាកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៨៣ នៅតំបន់តេងហ្គា។ វាក៏ជាកម្រិតសីតុណ្ហភាពប្រចាំថ្ងៃខ្ពស់បំផុតសម្រាប់ខែឧសភា បើធៀបនឹងខែឧសភា ឆ្នាំ២០២២ ដែលមានកម្រិតត្រឹមតែ ៣៦.៧អង្សាសេ ប៉ុណ្ណោះនៅតំបន់អេដមីរ៉ាទី (Admiralty)។
NEA បានបន្ថែមថា ទីតាំងជាច្រើននៅទូទាំងប្រទេសសិង្ហបុរី មានសីតុណ្ហភាពលើសពី ៣៦អង្សាសេ នៅថ្ងៃសៅរ៍នេះ។ មានការរំពឹងទុកសម្រាប់ការឈប់សម្រាករយៈពេលខ្លីនៅថ្ងៃចុងសប្តាហ៍ ខណៈអាកាសធាតុក្តៅ ហើយស្ងួតត្រូវបានព្យាករថានឹងបន្តដល់ថ្ងៃអាទិត្យ។
គួរបញ្ជាក់ថា កាលពីពីរសប្តាហ៍មុន ទីភ្នាក់ងារនេះបានអះអាងថា សីតុណ្ហភាពនៅក្នុងប្រទេសទំនងជាមិនអាចឡើងដល់កម្រិត ៤០អង្សាសេ។ ការប្រកាសនេះគឺឆ្លើយតបទៅនឹងសារជាអក្សរដែលមានបំណងព្រមានប្រជាជនសិង្ហបុរីអំពីរលកកំដៅដែលអាចចូលមកក្នុងចន្លោះពី ៤០ទៅ៥០អង្សាសេ៕