(ដាក្កា)៖ ព្យុះស៉ីក្លូនដែលមានឥទ្ធិពលខ្លាំងមួយ ជាមួយកម្លាំងខ្យល់រហូតដល់ ១៧៥គីឡូម៉ែត្រ/ម៉ោង បាននិងកំពុងរំកិលសំដៅទៅរក តំបន់បណ្តោយឆ្នេរភាគខាងកើត នៃប្រទេសបង់ក្លាដែសនិងមីយ៉ាន់ម៉ា នាថ្ងៃសៅរ៍នេះ ដែលអាចគំរាមកំហែងដល់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាខ្ទង់ ១លាននាក់ ក៏ដូចជាប្រជាជនដទៃទៀត ដែលរស់នៅតាមតំបន់ទំនាប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣។
អាជ្ញាធរឧតុនិយមបង់ក្លាដែស បានជូនដំណឹងថា ក្រោយប្រមូលផ្តុំថាមពលនៅឯឆកសមុទ្របង់ហ្កាល់ (Bengal) រយៈពេលប៉ុន្មានថ្ងៃមកនេះ ព្យុះស៉ីក្លូនឈ្មោះថា ម៉ូកា (Mocha) ទំនងជាអាចនឹងកើនឡើងកម្លាំងបន្ថែមទៀត ហើយវានឹងបោកបក់មកដល់ចន្លោះទីក្រុងខូសបាហ្សារ (Cox's Bazar) របស់បង់ក្លាដែស និងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃអាទិត្យសប្តាហ៍នេះ។ ទីក្រុង ខូសបាហ្សារ នៅភាគអាគ្នេយ៍បង់ក្លាដែស គឺជាកន្លែងដែលជនភៀសខ្លួនមូស្លីមរ៉ូហ៉ីងយ៉ាលើសពី ១លាននាក់ កំពុងរស់នៅ ដោយភាគច្រើននៃពួកគេគឺបានរត់គេចពី ការបង្ក្រាបធ្វើបាបដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៧។
គួរបញ្ជាក់ថា យោងតាមការព្យាករ ព្យុះស៉ីក្លូន Mocha នឹងបោកបក់លើគន្លងផ្លូវកាត់រដ្ឋរ៉ាឃីន (Rakhine) និងតំបន់ភាគពាយព្យរបស់មីយ៉ាន់ម៉ា ដែលបើតាមការអះអាងរបស់ UN គឺជាទីមានមនុស្សសរុប៦លាននាក់ ត្រូវការជំនួយមនុស្សធម៌ ហើយ ១.២លាននាក់បានព្រាត់ប្រាសពីលំនៅឋាន។ ចាប់តាំងពីយោធាបានដណ្តើមអំណាចកាលពីជាង២ឆ្នាំមុនមក មីយ៉ាន់ម៉ាបានធ្លាក់ទៅក្នុងភាពវឹកវរ ហើយសេដ្ឋកិច្ចបានធ្លាក់ដុនដាបយ៉ាងខ្លាំង ខណៈចលនាតស៊ូប្រឆាំងរដ្ឋប្រហារ កំពុងបន្តធ្វើសកម្មភាពប្រយុទ្ធរបស់ខ្លួន ដើម្បីតតាំងជាមួយរបបយោធា នៅពាសពេញប្រទេស បន្ទាប់ពីមានការបង្រ្កាបដ៏បង្ហូរឈាមទៅលើក្រុមបាតុករ៕