(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងបញ្ជូនកងកម្លាំងបន្ថែមទៅកាន់តំបន់ឈូងសមុទ្រពែរ្ស បន្ទាប់ពីអ្វីដែលខ្លួនចាត់ទុកថា ជាការកើនឡើងនៃការគំរាមកំហែងរបស់អ៉ីរ៉ង់ ចំពោះកប៉ាល់ពាណិជ្ជកម្មនៅតំបន់ដែនទឹកនោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ចន ខឺប៊ី (John Kirby) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រសួងការពារជាតិអាមេរិក នឹងធ្វើសកម្មភាពមួយចំនួន ដើម្បីពង្រឹងជំហរការពាររបស់យោធាអាមេរិក នៅឯតំបន់ឈូងសមុទ្រពែរ្ស។ ចំណែក កងកម្លាំង Fifth Fleet របស់កងទ័ពជើងទឹកអាមេរិក ដែលមានមូលដ្ឋាននៅប្រទេសបារ៉ែន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនកំពុងតែធ្វើការជាមួយសម្ព័ន្ធមិត្តនិងដៃគូនៅក្នុងតំបន់ ដើម្បីបង្កើនការចល័តនាវានិងយន្តហោះ ដែលធ្វើប្រតិបត្តិការល្បាតនៅច្រកសមុទ្រហូមូស (Hormuz) ដែលជាមាត់ច្រកដ៏សំខាន់ចូលទៅកាន់ឈូងសមុទ្រពែរ្ស។
លោក ខឺប៊ី បានអះអាងថា អ៉ីរ៉ង់បានរករឿង វាយប្រហារ ឬជ្រៀតជ្រែក កប៉ាល់ពាណិជ្ជកម្មអន្តរជាតិសរុប១៥គ្រឿង ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ។ អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «យើងបានមើលឃើញជាដដែលៗ នូវការគំរាមកំហែង ការរឹបអូស និងការវាយប្រហារដោយអាវុធរបស់អ៉ីរ៉ង់ ប្រឆាំងនឹងកប៉ាល់ពាណិជ្ជកម្ម ដែលអនុវត្តសិទ្ធិនិងសេរីភាព នៃការធ្វើនាវាចរណ៍របស់ពួកគេ នៅក្នុងដែនទឹកអន្តរជាតិ ក៏ដូចជានៅផ្លូវទឹកយុទ្ធសាស្រ្តក្នុងតំបន់»។
ជាចុងក្រោយ លោក ខឺប៊ី បានសង្កត់ធ្ងន់ដូច្នេះថា «សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យ មហាអំណាចបរទេសឬប្រចាំតំបន់ មកបំផ្លាញសិទ្ធិសេរីភាព នៃការធ្វើនាវាចរណ៍កាត់តាមផ្លូវទឹកនៅមជ្ឈិមបូព៌ាដាច់ខាត រួមមានទាំងនៅច្រកសមុទ្រហូមូស»៕