(បាងកក)៖ ប្រមុខកងទ័ពជើងគោកថៃ ដែលជាតំណែងមានឥទ្ធិពលធំបំផុតនៅក្នុងជួរយោធានៃប្រទេសថៃ បានសន្យាថានឹងពុំមានរដ្ឋប្រហារឡើយ ស្របពេលដែលក្រុមគណបក្សនយោបាយ កំពុងធ្វើយុទ្ធនាការឃោសនាសម្រាប់ថ្ងៃចុងក្រោយ មុនការបោះឆ្នោតសកលនាថ្ងៃអាទិត្យចុងសប្តាហ៍នេះ ដែលអាចនឹងមើលឃើញ រដ្ឋាភិបាលបច្ចុប្បន្នដែលគាំទ្រដោយយោធា ត្រូវបានបោះឆ្នោតទម្លាក់ចេញពីអំណាច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣។
រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ដែលជាអតីតអគ្គមេបញ្ជាការកងទ័ពជើងគោកថៃ ហើយជាអតីតមេដឹកនាំរដ្ឋប្រហារឆ្នាំ២០១៤ ត្រូវគេរំពឹងថា អាចនឹងទទួលបរាជ័យក្នុងការបោះឆ្នោតសកល ជាហេតុនាំឱ្យមានការព្រួយបារម្ភថា យោធាថៃប្រហែលនឹងព្យាយាមនៅបន្តក្រាញអំណាចមិនព្រមចុះចេញ។ ចំពោះមុខក្តីបារម្ភនេះ អគ្គមេបញ្ជាការទ័ពជើងគោកថៃបច្ចុប្បន្ន គឺលោកឧត្តមសេនីយ៍ ណារ៉ុងផាន់ ជីតកែវថែ (Narongpan Jitkaewthae) បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍នេះ នឹងមិនមានការវិលត្រឡប់ទៅរករបបដឹកនាំដោយយោធាតទៀតឡើយ ដោយលោកបានសង្កត់ធ្ងន់ថា រដ្ឋប្រហារយោធាដែលបានកើតឡើងពីមុនៗមក គឺមានផលប៉ះពាល់អវិជ្ជមានជាខ្លាំង។
ការបោះឆ្នោតសកលនាថ្ងៃអាទិត្យសប្តាហ៍នេះ នឹងជាការប្រកួតប្រជែងគ្នាជាចម្បងរវាងក្រុមប្រឆាំង ដឹកនាំដោយគណបក្ស ភឿថៃ ដែលមានអ្នកនាង ផែថោងថាន ស៉ីណាវ៉ាត់ ជាបេក្ខភាពនាយករដ្ឋមន្រ្តីដ៏មានប្រជាប្រិយភាព ហើយនិងក្រុមអភិរក្សនិយមគាំទ្រដោយយោធា ដែលដឹកនាំដោយយលោក ប្រាយុទ្ធ។ អ្នកនាង ផែថោងថាន គឺជាកូនស្រីអាយុ៣៦ឆ្នាំ របស់អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់។ ស្របពេលដែលបក្ស ភឿថៃ និងអ្នកនាង ផែថោងថាន ទទួលបានសំឡេងគាំទ្រខ្ពស់រហូតមកក្នុងការស្ទង់មិតជាបន្តបន្ទាប់ក៏ដោយ ការឈ្នះបានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភាថៃ នឹងមិនធានាថា អាចឡើងកាន់អំណាចតែម្តងនោះឡើយ។
នាយករដ្ឋមន្រ្តីថៃ នឹងត្រូវជ្រើសរើសដោយសមាជិកទាំង៥០០នាក់ នៅក្នុងរដ្ឋសភា ព្រមទាំងសមាជិកទាំង២៥០នាក់ នៅក្នុងព្រឹទ្ធសភា ខណៈសមាជិកព្រឹទ្ធសភាទាំងនោះ គឺត្រូវបានតែងតាំងដោយអតីតរបបយោធារបស់លោក ប្រាយុទ្ធ ដែលប្រការនេះធ្វើឱ្យក្រុមគណបក្សគាំទ្រដោយយោធាមានប្រៀបខ្ពស់ជាង។ ដូច្នេះហើយទើប គណបក្ស ភឿថៃ កំពុងប្រឹងប្រែងអំពាវនាវឱ្យក្រុមគាំទ្រ ផ្តល់ជ័យជម្នះដែលភ្លូកទឹកភ្លូកដី ដើម្បីកុំឱ្យយោធាអាចនៅរក្សាអំណាចបានតទៅទៀត ដូចអ្វីដែលបានកើតឡើងក្នុងការបោះឆ្នោតសកលឆ្នាំ២០១៩ នៅពេលលោក ប្រាយុទ្ធ បានក្លាយជានាយករដ្ឋមន្រ្តី ដោយសារតែការគាំទ្ររបស់ព្រឹទ្ធសភា។
គួរបញ្ជាក់ផងដែរថា គ្រួសារត្រកូល ស៉ីណាវ៉ាត់ សុទ្ធតែត្រូវបានយោធាធ្វើរដ្ឋប្រហារ ក្រោយក្លាយជានាយករដ្ឋមន្រ្តី។ លោក ថាក់ស៉ីន គឺត្រូវបានទម្លាក់ចេញពីអំណាច ក្នុងរដ្ឋប្រហារយោធាឆ្នាំ២០០៦ ខណៈប្អូនស្រីលោក គឺលោកស្រី យីងឡាក់ ស៉ីណាវ៉ាត់ ដែលត្រូវបានជាម្តាយមីងរបស់អ្នកនាង ផែថោងថាន គឺត្រូវបានទម្លាក់ចេញពីអំណាច ក្នុងរដ្ឋប្រហារយោធាឆ្នាំ២០១៤ ដែលដឹកនាំដោយលោក ប្រាយុទ្ធ៕