(ព័រម៉ូរេសប៊ី)៖ រដ្ឋមន្រ្តីការបរទេសប៉ាពូអាស៉ីនូវែលហ្គីណេ បាននិយាយថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ពាក់ព័ន្ធវិស័យការពារជាតិ និងការប្រើប្រាស់ផ្កាយរណបឃ្លាំមើល ជាមួយប្រទេសដែនកោះនេះ កំលុងទស្សនកិច្ចរបស់លោកក្នុងខែនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣។
សេតវិមានបានបញ្ជាក់ថា លោក បៃដិន នឹងធ្វើទស្សនកិច្ចមកកាន់ទីក្រុងព័រម៉ូរេសប៊ី របស់ប៉ាពូអាស៉ីនូវែលហ្គីណេ នៅថ្ងៃទី២២ ខែឧសភា មុនពេលត្រូវបន្តដំណើរទៅចូលរួម កិច្ចប្រជុំកំពូលនៃក្រុមប្រទេសក្វាដ (Quad) ដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្រ្តាលី នៅឯទីក្រុងស៉ីដនី។ នៅទីក្រុងព័រម៉ូរេសប៊ី លោកប្រធានាធិបតីអាមេរិក នឹងជួបជាមួយមេដឹកនាំសរុបចំនួន១៨ នៃក្រុមប្រទេសដីកោះប៉ាស៉ីហ្វិក។ ដំណើរទស្សនកិច្ចរបស់លោក បៃដិន មានគោលដៅគូសរំលេចសាជាថ្មី នូវសារសំខាន់នៃតំបន់នេះ សម្រាប់សហរដ្ឋអាមេរិក ចំពោះមុខការពង្រីកឥទ្ធិពលរបស់ចិន។
រដ្ឋមន្រ្តីការបរទេសប៉ាពូអាស៉ីនូវែលហ្គីណេ លោក ចាស្ទីន កាឈិនកូ (Justin Tkachenko) បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា កិច្ចព្រមព្រៀងមួយស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ រវាងសហរដ្ឋអាមេរិកនិងប៉ាពូអាស៉ីនូវែលហ្គីណេ ត្រូវបានរៀបចំរួចរាល់កាលពីសប្តាហ៍មុន ដែលអាចឱ្យភាគីទាំងពីរចុះហត្ថលេខាជាផ្លូវការបាន នៅពេលលោក បៃដិន មកដល់។ បើតាមលោក កាឈិនកូ កិច្ចព្រមព្រៀងដាច់ដោយឡែកមួយទៀត ដែលនឹងអនុញ្ញាតឱ្យឆ្មាំសមុទ្រអាមេរិកល្បាត តំបន់សេដ្ឋកិច្ចផ្តាច់មុខដ៏ធំល្វឹងល្វើយរបស់ប៉ាពូអាស៉ីនូវែលហ្គីណេ ក៏ត្រូវបានចុះហត្ថលេខាផងដែរ។ នៅក្រោមកិច្ចព្រមព្រៀងនោះ ប៉ាពូអាស៉ីនូវែលហ្គីណេ ក៏អាចប្រើប្រាស់ប្រព័ន្ធផ្កាយរណបសន្តិសុខរបស់អាមេរិក ដើម្បីឃ្លាំមើលដែនទឹករបស់ខ្លួនថែមទៀតផង។
គួរបញ្ជាក់ថា ទីក្រុងវ៉ាសីនតោនកំពុងព្យាយាមរារាំងក្រុមប្រទេសដែនកោះប៉ាស៉ីហ្វិក ដែលលាតសន្ធឹងសរុប៤០លានគីឡូម៉ែត្រលើផ្ទៃសមុទ្រ ពីការផ្សារភ្ជាប់ទំនាក់ទំនងសន្តិសុខជាមួយចិន។ ទីក្រុងប៉េកាំងមានគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រមាណមួយទសវត្សរ៍មកហើយនៅក្នុងតំបន់នេះ ខណៈកាលពីឆ្នាំមុនក៏សម្រេចបាន កិច្ចព្រមព្រៀងសន្តិសុខមួយថែមទៀតជាមួយប្រទេសសូឡូម៉ុន ដែលចាប់តាំងពីពេលនោះ សូឡូម៉ុនបានហាមឃាត់លែងឱ្យ នាវាឆ្មាំសមុទ្រអាមេរិកធ្វើដំណើរចូលដែនទឹករបស់ខ្លួនតទៅទៀត។ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង ធ្លាប់បានធ្វើទស្សនកិច្ចមកកាន់តំបន់នេះ៣លើក រួមមានទាំងទស្សនកិច្ចកាលពីឆ្នាំ២០១៨ មកកាន់ប៉ាពូអាស៉ូនូវែលហ្គីណេ ប៉ុន្តែកាលពីឆ្នាំ២០២២ ទីក្រុងប៉េកាំងមិនអាចសម្រេចបាន នូវការចុះកិច្ចព្រមព្រៀងសន្តិសុខ និងពាណិជ្ជកម្មទូលំទូលាយមួយ ជាមួយប្រទេសដែនកោះចំនួន១០ នៅប៉ាស៉ីហ្វិក៕