(ម៉ិកស៉ីកូស៉ីធី)៖ អាជ្ញាធរនៃប្រទេសម៉ិកស៉ិកបានឱ្យដឹងថា ក្នុងរយៈពេល៣ឆ្នាំមកនេះ សហរដ្ឋអាមេរិកបានបណ្តេញចេញពីប្រទេសខ្លួន នូវជនចំណាកស្រុកសរុបជាង ២.៨លាននាក់ នៅឯច្រកព្រំដែន ក្រោមចំណាត់ការហៅថា Title 42 ជាចំណាត់ការរឹតត្បិត COVID-19 មួយ ដែលនឹងត្រូវផុតសុពលភាពមុនពាក់កណ្តាលអធ្រាត្រ ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣។
ក្រសួងមហាផ្ទៃម៉ិកស៉ិកបានឱ្យដឹងក្នុងសេចក្តីប្រកាសថា ក្នុងចំណោមជនចំណាកស្រុកចំនួន ២,៨២៥,៩៧០នាក់ ដែលត្រូវបានបណ្តេញចេញខាងលើ គឺការបណ្តេញភាគច្រើន ត្រូវបានធ្វើឡើងនៅព្រំប្រទល់រវាងអាមេរិកនិងម៉ិកស៉ិក ហើយ៦នាក់ក្នុងចំណោម១០នាក់ គឺជាពលរដ្ឋម៉ិកស៉ិកផ្ទាល់ ដែលស្មើនឹង១,៦១១,៧៤៦នាក់។ ចំណែកមួយភាគធំ នៃជនចំណាកស្រុកដទៃទៀត ដែលត្រូវបានបណ្តេញចេញពីព្រំដែនភាគខាងត្បូងអាមេរិកនោះ គឺមកពីបណ្តាប្រទេសដូចជាក្វាតេម៉ាឡា ហុងឌូរ៉ាស អែលសាល់វ៉ាឌ័រ និងនីការ៉ាហ្កា ជាដើម។
គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២០ ចំណាត់ការ Title 42 ត្រូវបានដាក់ចេញដោយរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយវាអនុញ្ញាតឱ្យសហរដ្ឋអាមេរិក អាចបណ្តេញជនចំណាកស្រុកយ៉ាងឆាប់រហ័សចេញពីព្រំប្រទល់របស់ខ្លួន កំលុងការរាតត្បាតនៃជំងឺកូវីដ១៩។ មួយរយៈចុងក្រោយនេះ ក្រុមជនចំណាកស្រុកបានចាប់ផ្តើមនាំគ្នាប្រមូលផ្តុំនៅប្រទេសម៉ិកស៉ិក តាមផ្នែកផ្សេងៗនៃព្រំប្រទល់ជាមួយអាមេរិក ខណៈដែលចំណាតការ Title 42 នឹងត្រូវលុបចោលវិញ៕