(អ៉ីស្លាម៉ាបាដ)៖ អាជ្ញាធរប៉ាគីស្ថានបានចាប់ខ្លួន ថ្នាក់ដឹកនាំគណបក្សរបស់អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក អ៉ីមរ៉ាន់ ខាន់ (Imran Khan) ជាបន្តបន្ទាប់ ស្របពេលដែល កងទ័ពត្រូវបានដាក់ពង្រាយដើម្បីជួយបង្រ្កាបភាពវឹកវរនៃបាតុកម្ម ដែលផ្ទុះឡើងក្រោយការចាប់ខ្លួនលោក ខាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣។
គិតមកទល់ពេលនេះ ថ្នាក់ដឹកនាំយ៉ាងហោច៣រូបហើយ នៃគណបក្សរបស់លោក ខាន់ ត្រូវបានអាជ្ញាធរប៉ាគីស្ថានចាប់ខ្លួន។ លោក សា ម៉ាមូដ គូរេសស៉ី (Shah Mahmood Qureshi) ដែលជាអតីតរដ្ឋមន្រ្តីការបរទេសរបស់លោក ខាន់ និងជាអនុប្រធានគណបក្ស PTI ត្រូវបានចាប់ខ្លួនកាលពីព្រលឹមថ្ងៃព្រហស្បតិ៍នេះ។ ចំណែកថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស PTI ២នាក់ទៀត គឺលោក អាសាដ អ៊ូម៉ា (Asad Umra) និងលោក ហ្វាវ៉ាដ ចាវឌ្រី (Fawad Chaudhry) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ដោយលោក ចាវឌ្រី ត្រូវគេចាប់នៅក្រៅតុលាការកំពូល ប៉ុន្មាននាទីក្រោយលោកនិយាយជាមួយក្រុមអ្នកកាសែត។ គណបក្ស PTI បានដេញដោលប្រឆាំងការចាប់ខ្លួនលោក ខាន់ នៅឯតុលាការកំពូល។
គួរបញ្ជាក់ថា ភាពតានតឹងនៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់ក្នុងប្រទេសប៉ាគីស្ថាន ដោយកងកម្លាំងទាហាននិងប៉ូលិស ត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវនៃទីក្រុងធំៗ នាថ្ងៃព្រហស្បតិ៍នេះ។ សេវាអ៉ីនធើណេតលើឧបករណ៍ចល័តនៅតែត្រូវបានផ្អាក ហើយសាលានិងក្រុមហ៊ុនត្រូវបានបិទទ្វារនៅក្នុងខេត្តចំនួន២ នៃខេត្តទាំង៤របស់ប៉ាគីស្ថាន។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមបាតុករបាននាំគ្នាសម្រុកចូលអគារយោធា, លុកលុយកន្លែងស្នាក់នៅរបស់មេទ័ពកំពូលម្នាក់ នៅឯទីក្រុងឡាហ័រ (Lahore) ភាគខាងកើត ហើយដុតបំផ្លាញអគារនិងទ្រព្យសម្បត្តិរដ្ឋនៅតាមទីតាំងផ្សេងៗទៀត គិតចាប់តាំងពីការចាប់ខ្លួនលោក អ៉ីមរ៉ាន់ ខាន់ ដោយទីភ្នាក់ងារប្រឆាំងអំពើពុករលួយប៉ាគីស្ថាន កាលពីថ្ងៃអង្គារ ពាក់ព័ន្ធសំណុំរឿងក្លែងបន្លំដីធ្លី។ មនុស្សយ៉ាងហោច៥នាក់បានស្លាប់ ក្នុងអំពើហិង្សាដែលផ្ទុះឡើង ខណៈប៉ូលិសបានចាប់ខ្លួនបាតុករជាង១,៦៥០នាក់ នៅខេត្តពុនចាប់ (Punjab) ដែលជាទឹកដីកំណើតរបស់លោក ខាន់៕