(យ៉េរ៉េវ៉ាន់)៖ នៅថ្ងៃព្រហស្បតិ៍នេះ អាមេនីនិងអាស៊ែបៃហ្សង់ បានបន្ទោសគ្នាទៅវិញទៅមក សម្រាប់ការវាយប្រហារឆ្លងព្រំដែន ដែលបានបណ្តាលឱ្យ ទាហានយ៉ាងហោច៣នាក់រងបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន TASS នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣។
ក្រសួងការពារជាតិអាមេនីបាននិយាយថា កងទ័ពអាស៊ែបៃហ្សង់ បានធ្វើការបាញ់ផ្លោងមកលើទីតាំងកងទ័ពរបស់ខ្លួន នៅឯតំបន់ព្រំប្រទល់ ហ្កេកហាគូនីគ (Gegharkunik) ដោយប្រើប្រាស់កាំភ្លើងធំនិងការភ្លើងត្បាល់ ជាហេតុបង្កឱ្យទាហានអាមេនី២នាក់ ទទួលរងរបួស។ ចំណែកឯ ខាងក្រសួងការពារជាតិអាស៊ែបៃហ្សង់វិញ បានអះអាងថា ទីតាំងយោធារបស់ខ្លួនបានស្ថិតក្រោមការវាយប្រហារ នៅមុននោះ ដែលបានធ្វើឱ្យទាហានអាស៊ែបៃហ្សង់ម្នាក់រងរបួស។
គួរបញ្ជាក់ថា ប្រទេសជិតខាងទាំងពីរនេះ កំពុងស្ថិតក្នុងដំណើរការពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងសន្តិភាព ដើម្បីឆ្ពោះទៅបិទបញ្ចប់ជម្លោះរយៈពេលរាប់ទសវត្សរ៍ជុំវិញតំបន់ ណាហ្ក័រណូ-ការ៉ាបាក់ (Nagorno-Karabakh) ដែលជាតំបន់ត្រូវបានទទួលស្គាល់ជាផ្នែកនៃទឹកដីរបស់អាស៊ែបៃហ្សង់ ប៉ុន្តែសម្បូរទៅដោយជនជាតិអាមេនីរស់នៅភាគច្រើន។ បញ្ហាតំបន់នេះហើយគឺជាដើមចមដែលបាននាំឱ្យផ្ទុះ ការប្រយុទ្ធគ្នាឆ្លងព្រំដែនជាញឹកញាប់រវាងទីក្រុងយ៉េរ៉េវ៉ាន់និងទីក្រុងបាគូ៕