(ព្យុងយ៉ាង)៖ ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃពុធនេះ បានចេញមុខព្រមានជប៉ុនកុំឱ្យចូលរួមក្នុងក្រុមប្រឹក្សានុយក្លេអ៊ែរ NCG ដែលសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ទើបតែបានប្រកាសបង្កើតឡើង ដោយទីក្រុងព្យុងយ៉ាងបាននិយាយថា ប្រសិនបើទីក្រុងតូក្យូចូលរួម វាមុខជានឹងធ្វើឱ្យតំបន់អាស៉ីភាគឦសាន ជួបអស្ថិរភាពមិនខានឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣។
ក្រុម NCG ដែលត្រូវបានប្រកាសកំលុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ទៅកាន់សហរដ្ឋអាមេរិក កាលពីខែមេសា នឹងមើលឃើញ ទីក្រុងវ៉ាស៉ីនតោនផ្តល់ឱ្យទីក្រុងសេអ៊ូល នូវសិទ្ធិធំជាងមុនក្នុងការរៀបចំផែនការនុយក្លេអ៊ែរ ជុំវិញជម្លោះណាមួយជាមួយកូរ៉េខាងជើង។ លោក គីម សូលវ៉ា (Kim Sol Hwa) នៃក្រសួងការបរទេសកូរ៉េខាងជើង បានលើកឡើងយ៉ាងដូច្នេះថា «ប្រសិនបើជប៉ុននៅតែចចេសចូលរួមក្នុងសម្ព័ន្ធភាពយោធា ដែលដឹកនាំឱ្យសហរដ្ឋអាមេរិក វានឹងរុញច្រានអាស៉ីភាគឦសានឱ្យធ្លាក់ទៅក្នុងអស្ថិរភាព ហើយទីបំផុតប្រែក្លាយតំបន់នេះ ទៅជាសមុទ្រភ្លើងមិនខានឡើយ»។
ការអត្ថាធិប្បាយខាងលើ ត្រូវបានសំដៅជាពិសេសទៅលើ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា ដែលបានបំពេញទស្សនកិច្ចការងារទៅកាន់កូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ ក្រសួងការបរទេសកូរ៉េខាងជើង បានរិះគន់ដំណើរទស្សនកិច្ចទ្វេភាគីលើកដំបូងក្នុងរយៈពេល១២ឆ្នាំនោះ ថាជាការបង្កើនក្តីបារម្ភនៅក្នុងតំបន់ ក៏ដូចជាក្តីបារម្ភរបស់សហគមន៍អន្តរជាតិ។
គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍កាលពីថ្ងៃអង្គារ ជប៉ុននិងកូរ៉េខាងត្បូង កំពុងគ្រោងព្រមព្រៀងគ្នានៅដើមខែក្រោយ ដើម្បីតភ្ជាប់រ៉ាដារបស់ពួកគេ តាមរយៈប្រព័ន្ធរបស់សហរដ្ឋអាមេរិក ដើម្បីចែករំលែកព័ត៌មានជាក់ស្តែង ស្តីអំពីមីស៉ីលបាលិស្ទីគរបស់កូរ៉េខាងជើង។ រីឯកាលពីថ្ងៃចន្ទសប្តាហ៍នេះ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ក៏បាននិយាយដែរថា ទីក្រុងសេអ៊ូលនឹងបង្កើតក្រុមរួមមួយជាមួយជប៉ុន និងសហរដ្ឋអាមេរិក ដើម្បីចែករំលែកព័ត៌មានអំពីមីស៉ីលរបស់កូរ៉េខាងជើង៕