(ញូយ៉ក)៖ អាជ្ញាធរទីក្រុងញូយ៉ក បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកបានប្រគល់វត្ថុបុរាណចំនួន ២ទៅឲ្យប្រទេសចិនវិញ ដែលជាសកម្មភាពថ្មីចុងក្រោយ នៃការធ្វើមាតុភូមិនិវត្តវត្ថុបុរាណជាបន្តបន្ទាប់ ដែលត្រូវគេលួច។ ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣។

រដ្ឋអាជ្ញាសង្កាត់មែនហាធែន (Manhattan) នៃទីក្រុងញូយ៉ក លោក អាល់វីន ប្រ៊េក (Alvin Bragg) បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ចម្លាក់ថ្មសតវត្សទី៧ទាំងពីរផ្ទាំង ដែលមានតម្លៃសរុប ៣.៥លានដុល្លារ ត្រូវចោរគាស់លួចយកចេញពីផ្នូរ នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ និងត្រូវបានរត់ពន្ធចេញពីប្រទេសចិន ហើយពេលនេះ ពួកវាត្រូវបានប្រគល់ជូនស្ថានកុងស៊ុលចិនក្នុងទីក្រុងញូយ៉ករួចហើយ។

ចម្លាក់ថ្មទាំងនោះស្ថិតក្នុងចំណោមវត្ថុបុរាណចំនួន ៨៩មកពីប្រទេសចំនួន ១០ដែលទិញដោយលោកស្រី សែលប៊ី វ៉ាយ (Shelby White) ជាអ្នកប្រមូលស្នាដៃសិល្បៈឯកជន នៅក្នុងទីក្រុងញូយ៉ក។ ចាប់ពីឆ្នាំ១៩៩៨ រូបចម្លាក់ទាំងនេះត្រូវបានខ្ចី យកទៅដាក់តាំង ក្នុងសារមន្ទីរសិល្បៈម៉េត្រូផូលីថា (Metropolitan) រហូតដល់ការិយាល័យមេធាវីស្រុករឹបអូសយកនៅឆ្នាំ ២០២៣នេះ បន្ទាប់ពីការស៉ើបអង្កេតឧក្រិដ្ឋកម្ម។

គួរបញ្ជាក់ថា វត្ថុបុរាណទាំងនោះ ដែលមានតម្លៃសរុបជិត ៦៩លានដុល្លារ គឺជាផ្នែកមួយនៃការស៉ើបអង្កេតឧក្រិដ្ឋកម្ម ដោយអង្គភាពជួញដូរវត្ថុបុរាណរបស់ទីក្រុងញូយ៉ក ដែលធ្វើការតាមដាន និងធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណដែលត្រូវបានគេលួច៕