(ប៉េកាំង)៖ យោងតាមទិន្នន័យដែលប្រកាសដោយរដ្ឋបាលជាតិស្ថិតិចិន នាពេលថ្មីៗកន្លងទៅនេះឱ្យដឹងថា ទន្ទឹមនឹងផលប៉ះពាល់នៃជំងឺកូវីដ ១៩ បានរលាយសាបសូន្យជាសន្សឹមៗព្រមទាំងគោលនយោបាយ និងវិធានការសម្រាប់ជំរុញការប្រើប្រាស់នៃតំបន់នានារបស់ប្រទេសចិនមានប្រសិទ្ធភាពនិងត្រូវបានអនុវត្តជាបន្តបន្ទាប់ សក្ដានុពលនៃការប្រើប្រាស់របស់ប្រជាជនត្រូវបានបញ្ចេញជាសន្សឹមៗ ហើយចំណាយខាងការប្រើប្រាស់ក៏កំពុងពន្លឿន ការស្តារឡើងវិញផងដែរ ។ ការវិនិយោគ ការប្រើប្រាស់និងការនាំចេញបានក្លាយជា "ក្បាលម៉ាស៊ីនទាំងបី"សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់ចិន ។ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនឱ្យដឹងថា "ក្បាលម៉ាស៊ីនខាងការប្រើប្រាស់"របស់ចិនបាននិងកំពុងដំណើរការប្រកបដោយភាពនឹងនរ ដែលបាននាំមកនូវជំនឿចិត្តដល់សហគមន៍អន្តរជាតិ ។

ទិន្នន័យថ្មីបំផុតបានបញ្ចេញសញ្ញាវិជ្ជមាន ។ តាមការផ្សាយដំណឹងនៃទីភ្នាក់ងារព័ត៌មានបារំាងឱ្យដឹងថា យោងតាមទិន្នន័យសេដ្ឋកិច្ច ដែលប្រកាសដោយរដ្ឋបាលជាតិស្ថិតិចិន នាពេលថ្មីៗកន្លងទៅនេះបានបង្ហាញឱ្យឃើញថា នៅខែមីនា ឆ្នាំ ២០២៣ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមរបស់ចិន បានកើនឡើង ១០,៦ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ នេះគឺជាការកើនឡើងវិញដ៏ខ្លាំងបំផុតចាប់តាំងពីខែមិថុនា ឆ្នាំ ២០២១ មក ដែលបានឆ្លុះបញ្ចាំងពីនិន្នាការងើបឡើងវិញ នៃការប្រើប្រាស់ក្នុងគ្រួសាររបស់ចិន ។ វេបសាយវិទ្យុសំឡេងសហរដ្ឋអាមេរិក(VOA)បានផ្សាយដំណឹងថា ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមរបស់ចិនបានរក្សានិន្នាការកើនឡើង ហើយល្បឿនកំណើនក្នុងខែមីនាបានកើនឡើង ៧,១ ភាគរយបើប្រៀបធៀបនឹងខែមករានិងកុម្ភៈ ។ ក្រោមការជំរុញនៃការប្រើប្រាស់ ផលិតផលក្នុងស្រុកសរុប(GDP)នៃត្រីមាសទីមួយឆ្នាំនេះរបស់ចិនបានកើនឡើង ៤,៥ ភាគរយ ។

ពេលថ្មីៗកន្លងទៅនេះ ទីក្សារប្រើប្រាស់ខាងទេសចរណ៍របស់ចិនក៏ទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ផងដែរ ។ តាមទិន្នន័យដែលរដ្ឋាភិបាលចិនបានប្រកាសជាផ្លូវការឱ្យដឹងថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃទិវាពលកម្មអន្តរជាតិ ១ ឧសភាឆ្នាំនេះ ចំនួនអ្នកទេសចរក្នុងស្រុកចិនសរុបគឺ ២៧៤ លាននាក់ ដែលកើនឡើង ៧០,៨៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ គឺ សម្រេចបាននូវចំណូលទេសចរណ៍ក្នុងស្រុកចំនួន ១ សែន ៤ ម៉ឺន ៨ ពាន់ ៥៦ លានយាន់ប្រាក់ចិនដែលកើនឡើង ១២៨,៩០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ ។ ចំនួនកក់បន្ទប់សណ្ឋាគារនៃកម្មវិធីផ្តល់សេវាកម្មទេសចរណ៍តាមអនឡាញពាក់ព័ន្ធបានកើនឡើងលើសពី ១០ ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩ ។

ក្រៅពីទីផ្សារវប្បធម៌និងទេសចរណ៍មានភាពសន្ទុះខ្លាំងក្លា មុខរបរសេវាកម្មខាងជីវភាពរស់នៅ ដូចជាមុខរបរភោជនីយដ្ឋានជាដើម ក៏បានស្ទុះឡើងផងដែរ ។ តាមទិន្នន័យនៃវេទិកាធុរកិច្ចអេឡិចត្រូនិកមួយបានឱ្យដឹងថា ក្នុងរយៈពេល ៣ ថ្ងៃដំបូងនៃថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាតិ ទំហំប្រើប្រាស់តាមអនឡាញនៃមុខរបរសេវាកម្ម ខាងជីវភាពរស់នៅរបស់ចិនគិតជាមធ្យមក្នុងមួយថ្ងៃបានកើនឡើង ១៣៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩ ដែលបានក្លាយជាថ្ងៃឈប់សម្រាក"១ ឧសភា"ដែលទទួលបានផលចំណេញ យ៉ាងកាក់កបបំផុតក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនេះ ។ ក្រៅពីនេះ ទំហំទឹកប្រាក់សរុបនៃការលក់សំបុត្រភាពយន្ត ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក"១ ឧសភា"គឺ លើសពី ១ ពាន់ ៥ រយលានយាន់ប្រាក់ចិនដែលកាន់លំដាប់ថ្នាក់ទីបីនៃទំហំទឹកប្រាក់ នៃការលក់សំបុត្រភាពយន្តក្នុងប្រវត្តិសាស្ត្រភាពយន្តចិន ក្នុងអំឡុងពេល"១ ឧសភា" ។

ប្រព័ន្ធសារព័ត៌មានអេស្ប៉ាញបានដកស្រង់ការវិភាគរបស់អ្នកជំនាញថា កត្តាគ្រប់បែបយ៉ាងបានបង្ហាញថា ការចំណាយរបស់អ្នកប្រើប្រាស់ចិនបានកើនឡើងជាលំដាប់ ដែលនឹងជំរុញកំណើននៃផលចំណេញរបស់សហគ្រាសចិន ក្នុងវិស័យប្រើប្រាស់ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ "ប្រការដែលអាចប៉ាន់ប្រមាណនោះគឺ ស្របពេលដែលប្រទេសចិនដាក់ចេញវិធានការដើម្បីជំរុញការប្រើប្រាស់ ស្ថានភាពពាក់ព័ន្ធនឹងត្រូវបានកែលម្អថែម មួយកម្រិតទៀតក្នុងត្រីមាសទីពីរ ឆ្នាំនេះ" ។

ទន្ទឹមនឹងការងើបឡើងវិញនៃទីផ្សារប្រើប្រាស់របស់ចិន សហគ្រាសអន្តរជាតិជាច្រើនបានរកឃើញឱកាសពាណិជ្ជកម្ម ។ តាមការផ្សាយដំណឹងនៃកាសែត «Nihon Keizai Shimbun» របស់ជប៉ុនបានឱ្យដឹងថា ដោយសារមានការប៉ាន់ប្រមាណចំពោះការងើបឡើងវិញ នៃទីផ្សារប្រើប្រាស់របស់ចិន ម៉ាកយីហោប្រណីតអន្តរជាតិកំពុងធ្វើកិច្ចខិតខំ ប្រឹងប្រែងដើម្បីរៀបចំឡើងវិញនូវអាជីវកម្មរបស់ខ្លួននៅប្រទេសចិន ។ ប្រទេសចិនដែលមានទីផ្សារប្រើប្រាស់ទំនិញប្រណីតដ៏ធំធេង បានទាក់ទាញសហគ្រាលជាច្រើនមកពង្រីកអាជីវកម្មរបស់ខ្លួននៅប្រទេសចិន ។ នៅពេលមុននេះមិនជាយូរប៉ុន្មាន ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទី ៣ បានសម្ពោធបើកនៅទីក្រុងហៃខូវ ខេត្តហៃណាន ប្រទេសចិន ដែលបានទាក់ទាញទំនិញប្រើប្រាស់ល្អៗជាង ៤ ពាន់នៃប្រទេសនិងតំបន់ជាង ៦០ លើទូទាំងពិភពលោកមកដាក់តាំងបង្ហាញ ហើយម៉ាកដ៏ល្បីឈ្មោះលើផ្ទៃអន្តរជាតិនៃមុខរបរជាច្រើន គឺ ចូលរួមពិព័រណ៍ជាលើកដំបូង ។

តាមការផ្សាយដំណឹងនៃវេបសាយទស្សនាវដ្តីប្រចាំសប្តាហ៍《Expert》របស់រុស្ស៊ីបានឱ្យដឹងថា "សេដ្ឋកិច្ចចិនកំពុងស្តារឡើងវិញពីការរីករាលដាលនៃជំងឺឆ្លង ហើយប្រទេសចិននៅតែជាគោលដៅដ៏ពេញនិយម សម្រាប់ការបណ្តាក់ទុនដដែល ។" បើនិយាយចំពោះបរិមាណលក់រថយន្ត ប្រទេសចិនគឺជាទីផ្សារធំទីពីររបស់ក្រុមហ៊ុនរថយន្ត Tesla ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Tesla គ្រោងនឹងពង្រីកការបណ្តាក់ទុននៅប្រទេសចិន ដោយសាងសង់រោងចក្រទំនើបផុតលេខនៅទីក្រុងសៀងហៃ ។ ទន្ទឹមនឹងប្រទេសចិនកំពុងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ចំណុចក្តៅនៃតម្រូវការខាងការប្រើប្រាស់ថ្មី បានលេចចេញឥតឈប់ឈរ ឧទាហរណ៍ដូចជាតម្រូវការខាងរថយន្តដើរដោយថាមពលថ្មី ការកែលម្អផ្ទះស្នាក់នៅនិងសេវាកម្មផ្នែកអប់រំ វេជ្ជសាស្ត្រ វប្បធម៌និងកីឡាជាដើម ដែលនឹងបង្កើតឱកាសថ្មីដល់ពិភពលោកជាបន្តបន្ទាប់ ។

មជ្ឈមណ្ឌលពិនិត្យអង្កេតមុខរបរសេវាកម្មនៃរដ្ឋបាលជាតិស្ថិតិចិន បានប្រកាសទិន្នន័យនាពេលថ្មីៗកន្លងទៅនេះឱ្យដឹងថា នៅខែកុម្ភៈឆ្នាំនេះ សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ(PMI) នៃឧស្សាហកម្មផលិតកម្មរបស់ចិនបានឡើងដល់ ៥២,៦ ភាគរយ ក្នុងចំណោមមុខរបរចំនួន ២១ ដែលស្ថិតក្នុងពិនិត្យអង្កេត មានមុខរបរចំនួន ១៨ មានសន្ទស្សន៍កំណើនដែលកើនឡើង ៧ មុខរបរបើធៀបនឹងខែមករាឆ្នាំនេះ ពោលគឺ ឧស្សាហកម្មផលិតកម្មមាននិន្នាការល្អប្រសើរតទៅទៀត ។

លោក Zhao Qinghe អ្នកស្ថិតិជាន់ខ្ពស់នៃមជ្ឈមណ្ឌលពិនិត្យអង្កេតមុខរបរសេវាកម្ម នៃរដ្ឋបាលជាតិស្ថិតិចិនបានថ្លែងថា នៅខែកុម្ភៈឆ្នាំនេះ ប្រសិទ្ធភាពនៃគោលនយោបាយនិងវិធានការលំនឹង សេដ្ឋកិច្ចបានលេចចេញថែមមួយកម្រិតទៀត ថែមទាំងកត្តាវិជ្ជមានមួយចំនួន ដូចជាផលប៉ះពាល់នៃជំងឺកូវីដ ១៩ បានរលាយសាបសូន្យជាដើម ។ ដូច្នេះ សហគ្រាសទាំងឡាយបានស្តារផលិតកម្មឡើងវិញនិងពន្លឿន ការស្តារពាណិជ្ជកម្មឡើងវិញដែលនាំឱ្យសេដ្ឋកិច្ចរបស់ចិន មាននិន្នាការល្អប្រសើរឡើងវិញជាបន្តបន្ទាប់ ។

កាលពីថ្ងៃទី ៦ ខែឧសភា សមាគមចរាចរណ៍ទំនិញនិងការបញ្ជាទិញនៃប្រទេសចិនបានអះអាងថា ឆ្នាំ ២០២២ ទំហំសរុបនៃចរាចរណ៍ទំនិញក្នុងសង្គមចិនបានឡើងដល់ ៣៤៧,៦ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ៣,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ទំហំទីផ្សារចរាចរណ៍ទំនិញនៃប្រទេសចិនបានជាប់ចំណាត់ថ្នាក់ទី ១ លើពិភពលោកក្នុងរយៈពេល ៧ ឆ្នាំជាប់ៗគ្នា ។ ពេលថ្មីៗកន្លងទៅនេះ ទិន្នន័យពាក់ព័ន្ធនៃមុខរបរចរាចរណ៍ទំនិញជាច្រើន បានបញ្ចេញសញ្ញាវិជ្ជមាន ភាពរស់រវើកនៃចរាចរណ៍ទំនិញបានស្តារឡើងវិញជាសន្សឹមៗ ហើយមូលដ្ឋានដែលមានភាពល្អប្រសើរជាទូទៅ ត្រូវបានបន្តពង្រឹងថែមមួយកម្រិតទៀត ។

លោក Xu Hongcai អនុប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចនៃសមាគមសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រគោលនយោបាយរបស់ចិនបានលើកឡើងថា សំខាន់គឺទទួលបានផលប្រយោជន៍ពីការស្តារសេដ្ឋកិច្ចចិនឡើងវិញយ៉ាងខ្លាំង បានជាសន្ទស្សន៍ PMI ក្នុងវិស័យផលិតកម្មរបស់ចិននៅខែមករាឆ្នាំនេះ គឺ ៥០,១ ភាគរយដែលកើនឡើង ៣,១ ភាគរយបើប្រៀបធៀបនឹងខែមុនដែលក្លាយជាកម្លាំងជំរុញសំខាន់ ក្នុងការទប់ស្កាត់ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ។ ឧស្សាហកម្មផលិតកម្មរបស់ចិនបានពន្លឿន ការស្តារឡើងវិញ គឺបានរួមចំណែកជាកម្លាំងសំខាន់ក្នុងការស្តារសេដ្ឋកិច្ចសកលឡើងវិញ ។

អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានប្រកាស《របាយការណ៍ស្តីពីទស្សនទានសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក》ថ្មីបំផុតដោយបានលើកឡើងថា នៅតំបន់អាស៊ីប៉ាស៊ីហ្វិក អត្រារួមចំណែករបស់ចិនចំពោះកំណើនសេដ្ឋកិច្ចសកល បានកាន់លំដាប់ថ្នាក់ទីមួយ ។ ដោយឡែកក្រុមហ៊ុន Goldman Sachs បានព្យាករណ៍ថា ដល់ចុងឆ្នាំ ២០២៣ ការងើបឡើងវិញដោយគ្រប់ជ្រុងជ្រោយនៃតម្រូវការក្នុងស្រុករបស់ចិន នឹងជំរុញឱ្យផលិតផលក្នុងស្រុកសរុបសកល(GDP)កើនឡើងប្រហែល ១ ភាគរយ ។

តាមការផ្សាយដំណឹងនៃវេបសាយរបស់កាសែត《The Australian》ឱ្យដឹងថា ឆ្នាំនេះ គន្លងអភិវឌ្ឍន៍នៃសេដ្ឋកិច្ចពិភពលោក នឹងអាស្រ័យដោយអ្នកប្រើប្រាស់ចិនក្នុងកម្រិតយ៉ាងខ្លាំង ។ ទីភ្នាក់ងារទេសចរណ៍របស់ប្រទេសចិនប៉ាន់ប្រមាណថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ប្រទេសចិននឹងទទួលសន្ទុះ នៃការធ្វើដំណើរនៅក្រៅប្រទេស ។ មុខរបរជាច្រើន ដូចជាភោជនីយដ្ឋាននិងការលក់រាយជាដើម ក៏បានបង្ហាញពីអនាគតដ៏ល្អបំផុតក្នុងរយៈពេល ៣ ឆ្នាំកន្លងមក ។ សមិទ្ធផលជាផ្លែផ្កាទាំងនេះបាននាំមកនូវជំនឿចិត្តដល់សហគមន៍អន្តរជាតិ ។

"ទីផ្សារប្រើប្រាស់របស់ចិននឹងរួមចំណែកគួរឱ្យពេញចិត្តចំពោះកំណើនសេដ្ឋកិច្ចសកល "។ វេបសាយនៃទស្សនាវដ្តីប្រចាំសប្តាហ៍《The Economist》របស់អង់គ្លេសបានដកស្រង់របាយការណ៍សិក្សាស្រាវជ្រាវ របស់សេដ្ឋវិទូនៃប្រព័ន្ធបម្រុងសហរដ្ឋអាមេរិកដោយអះអាងថា "អ្វីដែលបាននិងកំពុងកើតឡើងនៅប្រទេសចិននឹងមិនត្រឹមតែ ជះឥទ្ធិពលដល់ប្រទេសចិនប៉ុណ្ណោះទេ" ឆ្នាំនេះ អ្នកប្រើប្រាស់ចិននឹងដើរតួនាទីនាំមុខនៅលើពិភពលោក ។ ការពង្រីកការបើកទូលាយរបស់ប្រទេសចិនត្រូវបានរំពឹងថា នឹងជំរុញឱ្យល្បឿនកំណើនសេដ្ឋកិច្ចកើនឡើងពី ៥ ភាគរយដល់ ៦ ភាគរយ ហើយប្រតិកម្មជាបន្តបន្ទាប់នឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុប របស់តំបន់ផ្សេងទៀតនៅលើពិភពលោកកើនឡើងពី ០,៥ ភាគរយដល់ ០,៧៥ ភាគរយដែលស្មើនឹងប្រហែល ៤០០ ពាន់លានដុល្លារអាមេរិកដល់ ៦០០ ពាន់លានដុល្លារអាមេរិកបើគិតតាមអត្រាប្តូរប្រាក់ប្រចាំឆ្នាំ ។

លោក David Malpass ប្រធានធនាគារពិភពលោកបានលើកឡើងនាពេលថ្មីៗកន្លងទៅនេះថា ឆ្នាំនេះ សេដ្ឋកិច្ចសកលបន្តមានភាពថមថយចុះតទៅទៀត ប៉ុន្តែប្រទេសចិននឹងជាករណីលើកលែងមួយ ។ រដ្ឋាភិបាលចិនបាននិងកំពុងលើកទឹកចិត្តមុខរបរសេវាកម្ម ជាពិសេសគឺ វិស័យសុខាភិបាលនិងការពារសុខភាព ក៏ដូចជាវិស័យទេសចរណ៍ឱ្យបន្តរក្សាកំណើនជាប់រហូត ។ នៅឆ្នាំ ២០២៣ ល្បឿនកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានរំពឹងថា នឹងកើនឡើងដែលមានអំណោយផលដល់កំណើនសេដ្ឋកិច្ចសកល ។

បណ្តាប្រទេសនានាលើពិភពលោកមានតែស្វែងរកគំនិតឯកភាពគ្នា រក្សាទុកភាពខុសគ្នា បន្តបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏ដូចជាបង្កើនភាពធន់នៃការស្តារសេដ្ឋកិច្ចឡើងវិញឥតឈប់ឈរ នោះ ទើបសេដ្ឋកិច្ចសកលមានសង្ឃឹម វិលត្រឡប់ទៅរកផ្លូវស្តារឡើងវិញប្រកបដោយភាពនឹងនរវិញ៕

វិទ្យុមិត្តភាពកម្ពុជាចិន