(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន (Antony Blinken) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បាននិយាយថា សហរដ្ឋអាមេរិកកំពុងតែជំរុញឱ្យ អង្គការសុខភាពពិភពលោក (WHO) អញ្ជើញកោះតៃវ៉ាន់ ទៅចូលរួមក្នុងឋានៈជាអ្នកសង្កេតការណ៍ កំលុងមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួន នៅឯទីក្រុងហ្សឺណែវ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែឧសភា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣។
លោក ប៊្លីនខិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «ការអញ្ជើញតៃវ៉ាន់ឱ្យចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍ នឹងជាឧទាហរណ៍មួយ ជួយឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់អង្គការ WHO ក្នុងការប្រកាន់យកគោលការណ៍ «សុខភាពសម្រាប់ទាំងអស់» ដែលប្រកបដោយបរិយាបន្ន សម្រាប់កិច្ចសហប្រតិបត្តិការសុខាភិបាលអន្តរជាតិ»។ លោកប្រមុខការទូតអាមេរិក បានបន្ថែមថា ការគាំទ្ររបស់អាមេរិកចំពោះរឿងនេះ គឺសមស្របទៅតាមគោលនយោបាយចិនតែមួយរបស់ទីក្រុងវ៉ាស៉ីនតោន។
ចំណែកក្រសួងការបរទេសរបស់កោះតៃវ៉ាន់វិញ បានសេចក្តីថ្លែងការណ៍ដើម្បីអរគុណសហរដ្ឋអាមេរិក សម្រាប់ការគាំទ្រដ៏រឹងមាំខាងលើ ហើយបានបន្ថែមថា វានឹងជារឿងមិនសមហេតុផលនោះទេ ប្រសិនបើតៃវ៉ាន់មិនត្រូវបានអញ្ជើញឱ្យចូលរួម ហើយវាក៏នឹងធ្វើឱ្យខូចកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល របស់សកលលោកផងដែរ។
គួរបញ្ជាក់ថា ចិនដែលចាត់ទុកតៃវ៉ាន់ជាផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លូន បានចាប់ផ្តើមរារាំងការចូលរួមរបស់ដែនកោះនេះ ក្នុងព្រឹត្តិការណ៍មហាសន្និបាតប្រចាំឆ្នាំរបស់ WHO តាំងតែពីឆ្នាំ២០១៧មក ដែលជាយុទ្ធនាការការទូតមួយរបស់ទីក្រុងប៉េកាំង ក្រោមគោលដៅធ្វើឱ្យតៃវ៉ាន់នៅឯកោ៕