(ប៉ារីស)៖ សភានៃប្រទេសបារាំងកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានអនុម័តសេចក្តីសម្រេចមួយ ដែលអំពាវនាវឱ្យសហភាពអឺរ៉ុប (EU) ចាត់បញ្ចូលក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner ជាក្រុមភេរវករជាផ្លូវការ ស្របពេលដែលមានសេចក្តីរាយការណ៍ថា ចក្រភពអង់គ្លេសក៏ហាក់កំពុងត្រៀមខ្លួន ប្រកាសចាត់បញ្ចូលក្រុមនេះ ជាអង្គការភេរវកម្មផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣។
ក្រុមសមាជិកសភាបារាំងបានចោទថា ក្រុម Wagner ធ្វើសកម្មភាពនៅកន្លែងណា គឺបង្កអស្ថិរភាពនិងអំពើហិង្សានៅទីនោះ ហើយពួកគេសម្លាប់ ធ្វើទារុណកម្ម និងបំផ្លិចបំផ្លាញ ដោយសឹងតែគ្មានត្រូវប្រឈមផលវិបាកអ្វីនោះឡើយ ខណៈក្រុមនេះដើរតាមយុទ្ធសាស្រ្តធំមួយ ដែលគាំទ្រគោលនយោបាយប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន ប្រឆាំងនឹងគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យរបស់លោកខាងលិច។ ទីក្រុងប៉ារីសក៏ធ្លាប់បានទម្លាក់កំហុសលើក្រុម Wagner ផងដែរ ថាបានធ្វើប្រតិបត្តិការឃោសនាប្រឆាំងបារាំង នៅតំបន់អាហ្រ្វិកខាងលិច ជាពិសេសនៅប្រទេសម៉ាលី។ ក្រុមសមាជិកសភាបាំរាំងសង្ឃឹមថា ការអនុម័តសេចក្តីសម្រេចជានិមិត្តរូបខាងលើ នឹងអាចជំរុញលើកទឹកចិត្តឱ្យសមាជិកទាំង២៧ របស់ EU ដាក់ក្រុម Wagner ចូលទៅក្នុងបញ្ជីផ្លូវការរបស់ខ្លួននៃអង្គការភេរវកម្ម។
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្ងើចសរសើរសភាបារាំង តាមរយៈសារវីដេអូមួយ ហើយលោកបានទទូចឱ្យប្រទេសដទៃទៀត ដើរតាមគំរូរបស់បារាំង។ ជាមួយគ្នានេះ យោងតាមសេចក្តីរាយការណ៍ព័ត៌មានកាលពីថ្ងៃអង្គារ របស់កាសែតអង់គ្លេស The Times គឺចក្រភពអង់គ្លេសក៏កំពុងតែត្រៀមលក្ខណៈ ដើម្បីចាត់បញ្ចូល ក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner ជាអង្គការភេរវកម្មផងដែរ ដើម្បីជាការដាក់សម្ពាធបន្ថែមទៅលើរុស្ស៉ី ដែលកំពុងតែបន្តសង្រ្គាមឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែន។
គួរបញ្ជាក់ថា ក្រុម Wagner និងថៅកែរបស់ក្រុមហ៊ុនទាហានស៉ីឈ្នួលនេះ គឺលោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) គឺត្រូវបាន EU ដាក់ទណ្ឌកម្មប៉ុន្មានលើករួចមកហើយ សម្រាប់ការរំលោភសិទ្ធិមនុស្សនៅអាហ្រ្វិក និងសម្រាប់ការចូលរួមក្នុងសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ កាលពីខែមករា ឆ្នាំនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសម្រេចចាត់ថ្នាក់ Wagner ជាអង្គការឧក្រិដ្ឋកម្មឆ្លងដែន ខណៈក្រុមសមាជិកសភាអាមេរិក បានអំពាវនាវចង់ឱ្យចាត់បញ្ចូលក្រុមនេះ ជាអង្គការភេរវកម្មតែម្តង៕