(អ៉ីស្លាម៉ាបាដ)៖ ក្រុមអ្នកគាំទ្រលោក អ៉ីមរ៉ាន់ ខាន់ (Imran Khan) បានគ្រោងនាំគ្នាដង្ហែក្បួនទៅកាន់រដ្ឋធានីអ៉ីស្លាម៉ាបាដ នាថ្ងៃពុធនេះ ជាទីដែលអតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានរូបនេះ កំពុងស្ថិតក្រោមការឃុំឃាំងពាក់ព័ន្ធសំណុំរឿងពុករលួយមួយ ខណៈប្រការនេះបានបង្កឱ្យ​មានក្តីព្រួយបារម្ភថា អាចនឹងមានការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខបន្ថែមទៀត ក្រោយការផ្ទុះហិង្សាកាលពីថ្ងៃអង្គារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣។

អាជ្ញាធរនៅខេត្តចំនួន៣ ក្នុងចំណោមខេត្តទាំង៤ នៃប្រទេសប៉ាគីស្ថាន បានដាក់ចេញបទបញ្ជាហាមឃាត់ រាល់សកម្មភាពប្រមូលផ្តុំទាំងអស់ បន្ទាប់ពីក្រុមអ្នកគាំទ្ររបស់លោក ខាន់ បានផ្ទុះអំពើហិង្សាជាមួយកងកម្លាំងប៉ូលិស ដែលកើតឡើងក្រោយលោកអតីតនាយករដ្ឋមន្រ្តី ត្រូវបានចាប់ខ្លួននៅក្នុងបរិវេណតុលាការជាន់ខ្ពស់ នៃទីក្រុងអ៉ីស្លាម៉ាបាដ ដោយទីភ្នាក់ងារប្រឆាំងអំពើពុករលួយប៉ាគីស្ថាន កាលពីថ្ងៃអង្គារសប្តាហ៍នេះ។

លោក ខាន់ បានទៅបង្ហាញខ្លួននៅក្នុងតុលាការជាន់ខ្ពស់នោះ ពាក់ព័ន្ធសំណុំរឿងពុករលួយមួយ។ ឆ្លើយតបចំពោះការចាប់ខ្លួន គណបក្ស KPI របស់លោក ក៏បានអំពាវនាវឱ្យមានការធ្វើបាតុកម្មនៅទូទាំងប្រទេស។ ដោយឡែក កំលុងការប៉ះទង្គិចកាលពីថ្ងៃអង្គារ មនុស្សយ៉ាងហោចម្នាក់បានស្លាប់ និង១២នាក់ទៀតរបួស ក្នុងនោះមានមន្រ្តីប៉ូលិស៦នាក់ នៅឯទីក្រុងខេតតា (Quetta) ភាគខាងត្បូងប្រទេស ខណៈនៅទីក្រុងមួយចំនួនទៀត ក៏មានការប៉ះទង្គិចគ្នាកើតឡើងផងដែរ។ បើតាមការអះអាងពីខាងប៉ូលិស សវនាការបន្ទាប់របស់លោក នឹងត្រូវធ្វើឡើងនៅក្នុងទីស្នាក់ការកណ្តាលរបស់ប៉ូលិសតែម្តង ក្នុងទីក្រុងអ៉ីស្លាម៉ាបាដ ដែលជាកន្លែងលោក ខាន់ កំពុងជាប់ឃុំឃាំង ដោយលោកនឹងមិនត្រូវនាំខ្លួនទៅកាន់តុលាការឡើយ។

គួរបញ្ជាក់ថា លោក អ៉ីមរ៉ាន់ ខាន់ ត្រូវបានទម្លាក់ចេញពីអំណាច កាលពីខែមេសា ឆ្នាំ២០២២ តាមរយៈការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅក្នុងសភា។ លោក ខាន់ មិនបានដកថយយុទ្ធនាការរបស់លោកនោះឡើយ ប្រឆាំងនឹងការទម្លាក់រូបលោក សូម្បីក្រោយពេលលោក បានរងរបួសក្នុងការវាយប្រហារមួយកាលពីខែវិច្ឆិកា ឆ្នាំមុនក៏ដោយ នៅពេលលោកដឹកនាំក្បួនបាតុកម្មទៅកាន់ទីក្រុងអ៉ីស្លាម៉ាបាដ ដើម្បីអំពាវនាវឱ្យមានការបោះឆ្នោតថ្មីមុនអាណត្តិ។ សំណុំរឿងពុករលួយខាងលើ ស្ថិតក្នុងចំណោមការចោទប្រកាន់ សរុបជាង១០០ ដែលត្រូវ​ធ្វើឡើងប្រឆាំងនឹងលោក ខាន់ ចាប់តាំងតែពីលោកបានធ្លាក់ពីតំណែង ក្រោយកាន់អំណាច៤ឆ្នាំ៕