(ខាទុំ)៖ អ្នកស្រុកនៃរដ្ឋធានីរបស់ប្រទេសស៊ូដង់ បានរាយការណ៍ពីការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងក្លានៅកណ្តាលរដ្ឋធានីខាទុំ កាលពីថ្ងៃអង្គារសប្តា៍នេះ ចំពេល មានការកើនឡើងនូវសកម្មភាលួចប្លន់ ខណៈអារ៉ាប៊ីសាអូឌីតនិយាយថា ក្រុមអ្នកចរចាកំពុងធ្វើការដើម្បីឆ្ពោះទៅរកបទឈប់បាញ់រយៈពេលខ្លី។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣។

សាក្សីនិយាយថា ភាគីខាងកងទ័ពស៊ូដង់បានទម្លាក់គ្រាប់បែកតាមអាកាសយ៉ាងខ្លាំង នៅកណ្តាលរដ្ឋធានីខាទុំ និងទីតាំងជុំវិញវិមានប្រធានាធិបតី។ រីឯកងកម្លាំងទាហាន ប៉ារ៉ា (RSF) ដែលជាគូប្រយុទ្ធ បាននិយាយថា កន្លែងដែលខ្លួនអះអាងថាបានគ្រប់គ្រងនោះ ឥលូវត្រូវរងការវាយប្រហារតាមអាកាស និងត្រូវបានបំផ្លាញ ប៉ុន្តែខាងកងទ័ពស៊ូដង់ច្រានចោលការអះអាងនេះ។

កងកម្លាំងទាំងពីរដែលបរាជ័យក្នុងការអនុវត្តបទឈប់បាញ់ម្តងហើយម្តងទៀតនោះ បានបញ្ជូនអ្នកតំណាងរបស់ខ្លួនឲ្យទៅពិភាក្សានៅឯទីក្រុងកំពង់ផែជិតដាស់ (Jeddah) របស់ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃអង្គារសប្តាហ៍នេះបានឱ្យដឹងថា ការចរចាមានគោលបំណងឈានដល់ «បទឈប់បាញ់រយៈពេលខ្លីប្រកបដោយប្រសិទ្ធភាព»

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នានៅរដ្ឋធានីខាទុំ ដែលផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសា បានជំរុញឲ្យមនុស្សរាប់សែននាក់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ និងបង្កឲ្យមានវិបត្តិ មនុស្សធម៌។ ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា មនុស្សផ្លាស់ទីលំនៅទៅកាន់ប្រទេសជិតខាងស៊ូដង់ ក្នុងរយៈពេលត្រឹមតែ មួយសប្តាហ៍បានកើនឡើងទ្វេដង រហូតដល់ចំនួន ៧០០,០០០នាក់។ ចំណែកឯ មនុស្សយ៉ាងហោច ៦០០នាក់បានស្លាប់ និងជាង ៥,០០០នាក់ ចាប់តាំងពីជម្លោះ ផ្ទុះឡើងមក៕