(អូតាវ៉ា)៖ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសរបស់លោកនឹងមិនមានការបំភិតបំភ័យពី ប្រទេសចិននោះទេ បន្ទាប់ពីមានការបណ្តេញមន្រ្តីទូតគ្នាទៅវិញទៅមក រវាងទីក្រុង អូតាវ៉ា (Ottawa) និងទីក្រុងប៉េកាំង។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ កាណាដាបានបណ្តេញមន្រ្តីទូតចិន លោក ចាវ វៃ (Zhao Wei ) ចេញពីប្រទេស ដោយចោទប្រកាន់ពាក់ព័ន្ធនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងរបស់កាណាដា ហើយប៉ុន្មានម៉ោងក្រោយមក ប្រទេសចិនបានស្នើឲ្យមន្រ្តីទូតកាណាដាម្នាក់ នៅទីក្រុងសៀងហៃ ចាកចេញត្រឹមថ្ងៃទី១៣ ខែឧសភា ជាការឆ្លើយតប មួយដែលកាណាដាចាត់ទុកថាមិនសមហេតុផល។ លោក ទ្រូដូ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងទីក្រុងអូតាវ៉ា យ៉ាងដូច្នេះថា «យើងយល់ថាវាជាចំណាត់ការសងសឹក ប៉ុន្តែយើងមិនមានការភិតភ័យនោះទេ។ យើងនឹងបន្តធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីរក្សាការពារកាណាដាពីការជ្រៀតជ្រែកពីសំណាក់បរទេស»។
គួរបញ្ជាក់ថា វិវាទគ្នារវាងកាណាដា និងចិន បានកើតឡើងចាប់តាំងពីមានការចាប់ឃុំខ្លួន លោកស្រី ម៉េង វ៉ាន់ចូវ (Meng Wanzhou) ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Huawei ក្នុងឆ្នាំ២០១៨ និងការចាប់ខ្លួនជនជាតិកាណាដា ២នាក់ពីបទចារកម្មនៅទីក្រុងប៉េកាំង។ ប៉ុន្តែក្រោយមក អ្នកទាំង ៣ត្រូវបានដោះលែងនៅឆ្នាំ២០២១៕