(តូក្យូ)៖ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅសហរដ្ឋអាមេរិក លោក កូជិ តូមីតា (Koji Tomita) បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសជប៉ុនកំពុងធ្វើការឆ្ពោះទៅរក ការបើកការិយាល័យទំនាក់ទំនងរបស់អង្គការណាតូ (NATO) នៅក្នុងទីក្រុងតូក្យូ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣។

ការអត្ថាធិប្បាយរបស់ឯកអគ្គរដ្ឋទូតជប៉ុននាពេលនេះ គឺឆ្លើយតបនឹងសំណួរជុំវិញរបាយការណ៍របស់សារព័ត៌មាន Nikkei Asia ដែលចុះផ្សាយថាសម្ព័ន្ធមិត្តដឹកនាំដោយ សហរដ្ឋអាមេរិក កំពុងរៀបចំផែនការបើកការិយាល័យ NATO ដំបូងគេនៅអាស៊ី ដើម្បីជួយសម្រួលដល់ការពិគ្រោះយោបល់ក្នុងតំបន់ ក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយ ក្លឹបអ្នកកាសែតជាតិ (National Press Club) នៅទីក្រុងវ៉ាស៊ីនតោន។ បើតាម Nikkei Asia ការិយាល័យទំនាក់ទំនង NATO ក្នុងទីក្រុងតូក្យូ នឹងបើកនៅឆ្នាំ២០២៤ ហើយអនុញ្ញាតឲ្យមានការពិភាក្សាជាមួយដៃគូសន្តិសុខរបស់អង្គការណាតូ ដូចជាកូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ លើបញ្ហាប្រឈមភូមិសាស្ត្រនយោបាយពី ប្រទេសចិន និងរុស្ស៉ី។

លោក តូមីតា បានគូសបញ្ជាក់ថា «ចំណុចដែលអ្នកបានលើកឡើង គឺជារឿងមួយដែលយើងកំពុងធ្វើការ លើការពង្រឹងភាពជាដៃគូរបស់យើង។ ខ្ញុំពិតជាមិនទាន់បានឮ ការបញ្ជាក់ចុងក្រោយណាមួយទេ ប៉ុន្តែយើងកំពុងធ្វើការងារដើម្បីឆ្ពោះទៅរកទិសដៅនោះហើយ»។ ជុំវិញរបាយការណ៍នេះ អង្គការណាតូក៏មិនបានបញ្ជាក់ពី ព័ត៌មានណាមួយដែរ ដោយគ្រាន់តែនិយាយថាមិនអាចលម្អិតនូវការពិភាក្សា ដែលកំពុងបន្តរបស់សម្ព័ន្ធមិត្តនោះទេ។

គួរបញ្ជាក់ថា លោក តូមីតា ដែលកំពុងធ្វើសន្និសីទសង្ខេបអំពីកិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា បានអះអាងថា កិច្ចប្រជុំដែលកំពុងប្រព្រឹត្តិទៅនេះគឺស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ លើវិធីសាស្រ្តខ្ទប់ឥទ្ធិពលចិន៕