(បែរឡាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក ឈិន កាង (Qin Gang) នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាទីក្រុងប៉េកាំងនឹងរក្សាទំនាក់ទំនងជាមួយគ្រប់ភាគីពាក់ព័ន្ធ នឹងសង្រ្គាមនៅអ៊ុយក្រែន ក្នុងនោះរួមមានទាំងអាល្លឺម៉ង់ សំដៅស្វែងរកបទឈប់បាញ់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣។
បណ្ដាប្រទេសអឺរ៉ុប បានរិះគន់ចិនម្ដងហើយម្ដងទៀត ជុំវិញការបដិសេធថ្កោលទោសសង្រ្គាមឈ្លានពានរបស់រុស្ស៉ី និងអំពាវនាវឱ្យរុស្ស៉ីដកកងទ័ពចេញអ៊ុយក្រែន។ ប៉ុន្តែ ទីក្រុងប៉េកាំង បានច្រានចោលការរិះគន់ទាំងនេះ។ ជាថ្មីម្ដងទៀត ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន នៅឯសន្និសីទរួមគ្នាជាមួយសមភាគីអាល្លឺម៉ង់ លោកស្រី អានណាឡេណា បែរបុក (Annalena Baerbock) នាឱកាសបំពេញទស្សកិច្ចក្នុងទីក្រុងបែរឡាំង រដ្ឋមន្ត្រីការបរទេសចិន លោក ឈិន កាង បាននិយាយថា «ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រទេសមានការទទួលខុសត្រូវដ៏សំខាន់មួយ ចិននឹងមិនឈរពីជ្រុងម្ខាង ដើម្បីមើល ភ្លើងឆេះនោះទេ ហើយក៏នឹងមិនចាក់សាំងបន្ថែមលើភ្លើងកំពុងឆេះនោះដែរ»។
លោក ឈិន បានបន្ថែមទៀតថា «ចិនមានឆន្ទៈរក្សាទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធទាំងអស់ ក្នុងនោះរួមមានទាំងអាល្លឺម៉ង់ ដើម្បីស្វែងរកបទឈប់បាញ់»។
គួរបញ្ជាក់ថា នៅក្នុងសនិ្នសីទសារព័ត៌មានរួមគ្នានោះ លោកស្រី បែរបុក ក៏បានបង្ហាញការស្វាគមន៍ផងដែរចំពោះកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកប្រធានាធិបតីចិន ស៊ី ជិនពីង និងលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីពេលថ្មីៗនេះ។ ប៉ុន្តែក្នុងពេលដំណាលគ្នា លោកស្រី យល់ថាទីក្រុងប៉េកាំងគួរតែបង្ហាញ ការគាំទ្រត្រង់ៗដល់អធិបតេយ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន៕