(ញូវដេលី)៖ មនុស្ស ២៤នាក់បានស្លាប់ និងជាង២៥នាក់បានរងរបួស នៅពេលដែលរថយន្តក្រុងឯកជនមួយ បានធ្លាក់ពីលើស្ពានមួយក្នុងរដ្ឋ Madhya Pradesh ភាគកណ្តាលប្រទេសឥណ្ឌានៅថ្ងៃអង្គារនេះ។ នេះបើយោងតមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០២៣។

ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងស្រុក Khargone នៃរដ្ឋ Madhya Pradesh ។ រថយន្តក្រុងដឹកអ្នកដំណើរ ដែលកំពុងធ្វើដំណើរពីស្រុក Khargone ឆ្ពោះទៅទីក្រុង Indore ក្នុងរដ្ឋនោះ បានធ្លាក់ពីកម្ពស់ប្រមាណ ៥០ហ្វីតទៅលើគ្រែទន្លេស្ងួត។

អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្រុក។ លោក Ravi Joshi សមាជិកសភាក្នុងតំបន់បាននិយាយតាមទូរសព្ទថា «ចំនួនអ្នកស្លាប់ត្រូវបានគេភ័យខ្លាចថានឹងកើនឡើង ខណៈដែលអ្នករបួសជាច្រើនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ រថយន្តក្រុងនេះបានផ្ទុកលើសទម្ងន់»

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានចូលរួមរំលែកទុក្ខចំពោះការបាត់បង់អាយុជីវិតក្នុងគ្រោះថ្នាក់រថយន្តក្រុង ហើយបានប្រកាសផ្តល់សំណងជាថវិកាដល់គ្រួសារអ្នកស្លាប់ និងរបួស៕