(ម៉ិកស៊ិក)៖ ជនចំណាកស្រុករាប់រយនាក់បានប្រមូលផ្តុំគ្នាក្នុងសប្តាហ៍នេះ នៅក្នុងទីក្រុងព្រំដែន Tijuana ជិតជញ្ជាំងដ៏ធំទូលាយដែលខណ្ឌចែកប្រទេសម៉ិកស៊ិក ពីសហរដ្ឋអាមេរិកនៅក្នុងថ្ងៃចុងក្រោយ នៃការបិទបញ្ចប់គោលនយោបាយគ្រប់គ្រងជំងឺកូវីដ១៩ រយៈពេលបីឆ្នាំ ដែលបានរារាំងមនុស្សមិនឱ្យឆ្លងកាត់ព្រំដែនពីទីក្រុងម៉ិកស៊ិកដើម្បីស្វែងរកសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០២៣។
គោលនយោបាយនេះត្រូវបានគេស្គាល់ថា Title 42 ត្រូវបានកំណត់ថា នឹងផុតកំណត់នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី១១ ខែឧសភា ដោយជំរុញឱ្យមានលំហូរជនចំណាកស្រុកយ៉ាងច្រើនកុះករទៅកាន់ព្រំដែន ដែលឥឡូវនេះកំពុងលាក់ខ្លួននៅក្រោមប្លាស្ទិកខ្មៅ ឬតង់បណ្តោះអាសន្នរង់ចាំឆ្លងចូលសហរដ្ឋអាមេរិក។
លោក Enrique Lucero នាយកកិច្ចការអន្តោប្រវេសន៍របស់ទីក្រុង Tijuana បាននិយាយថា «យើងមិនដែលឃើញអ្វីដូចនេះពីមុនមកទេ»។
ទោះយ៉ាងណាសហរដ្ឋអាមេរិកបានទទូចថា គោលនយោបាយ Title 42 មិនមានន័យថាព្រំដែននឹងត្រូវបានបើកនោះទេ។
ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel López Obrador បាននិយាយកាលពីថ្ងៃចន្ទ (ទី៨ ឧសភា) ថា លោកនឹងធ្វើការហៅជាវីដេអូជាមួយសមភាគីអាមេរិក លោក Joe Biden នៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាបញ្ហាអន្តោប្រវេសន៍ ព្រមទាំងប្រធានបទសំខាន់ៗទៀត។
រដ្ឋបាល លោក Biden និងរដ្ឋាភិបាលរដ្ឋតិចសាស់ កំពុងបញ្ជូនកម្លាំងបន្ថែមទៅកាន់ព្រំដែន ដើម្បីរៀបចំសម្រាប់ការកើនឡើងនៃអន្តោប្រវេសន៍ខុសច្បាប់៕